នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី ការត្រៀមខ្លួនសម្រាប់បទដ្ឋានថ្មី រៀបចំដោយការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីវិធីសាស្ត្រក្នុងការឆ្លើយតបរបស់ហុងកុងចំពោះបញ្ហាប្រឈមកើតឡើងដោយសារជំងឺកូវីដ-១៩ និងការត្រៀមខ្លួនក្រោយពេលវិបត្តិកូវីដ-១៩។ សិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១. វិធានការណ៍ប្រឆាំងនឹងការរាតត្បាតពហុវិស័យ និងជំនួយក្នុងការផ្ដល់ការគាំទ្រដល់ធុរកិច្ច និងការងារររបស់រដ្ឋាភិបាលហុងកុង
២. គំនិតផ្តួចផ្តើមក្នុងការជួយសហគ្រាសធុនតូចនិងមធ្យមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង ដើម្បីរក្សាទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងធ្វើធុរកិច្ចជាធម្មតាជាមួយទីផ្សាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង តាមរយៈប្រព័ន្ធអនឡាញ
៣. ទីក្រុងហុងកុងនៅតែជាទីតាំងទាក់ទាញការវិនិយោគ និងក្របខណ្ឌមួយចំនួនគាំទ្រដល់ធុរកិច្ចក្នុងអំឡុងនៃជម្ងឺរាតត្បាតកូវីដ១៩។
៤. ការទទួលយកបទដ្ឋានថ្មីរបស់ហុងកុងក្នុងការធ្វើដំណើរ និងយុទ្ធសាស្ត្រស្ដារឧស្សាហកម្មទេសចរណ៍ហុងកុងឡើងវិញ