ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូពាណិជ្ជករ និងវិនិយោគិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគក្នុងខេត្ត

សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដោយមានការចូលរួមពីឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានដឹកនាំគណៈប្រតិភូ និងសមាជិក សមាជិកា ដែលជាពាណិជ្ជករ អាជីវករ និងវិនិយោគិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប។
ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានទទួលស្វាគមន៍គណៈប្រតិភូ និងបានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ សក្តានុពលសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់ខេត្ត ជាពិសេសក្នុងវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ព្រមទាំងឱកាសវិនិយោគដែលអាចរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការចូលរួមរបស់វិស័យឯកជន និងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានភាពរឹងមាំ និងសមត្ថភាពប្រកួតប្រជែង។ ស្របតាមទិសដៅនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដាក់ចេញនូវគោលការណ៍ និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ធុរកិច្ចរវាងវិស័យឯកជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់បណ្តារាជធានី-ខេត្ត។
ឧកញ៉ាបណ្ឌិតក៏បានលើកឡើងពីសារៈសំខាន់នៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ដែលជាវេទិកាសម្រាប់តភ្ជាប់ធុរជនជាមួយរដ្ឋបាលមូលដ្ឋាន ស្វែងរកដៃគូ និងបង្កើតឱកាសវិនិយោគថ្មីៗ។ ជាពិសេស ឧកញ៉ាបណ្ឌិតបានសង្កត់ធ្ងន់លើការពង្រឹងយន្តការវេទិការដ្ឋាភិបាល-វិស័យឯកជន តាមរយៈការប្រមូល និងចងក្រងបញ្ហាប្រឈម កង្វល់ និងសំណើរបស់ធុរជននៅតាមមូលដ្ឋាន ដើម្បីលើកយកមកពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យន្តការនេះនឹងរួមចំណែកកាត់បន្ថយភាពស្មុគស្មាញក្នុងការធ្វើធុរកិច្ច និងលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែប្រសើរ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានលើកឡើងពីតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក្នុងការសម្របសម្រួល និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងទាក់ទាញការវិនិយោគមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិតក៏បានស្នើសុំឱ្យរដ្ឋបាលខេត្តផ្តល់ឱកាសដល់សភាពាណិជ្ជកម្មក្នុងការចូលរួមក្នុងកិច្ចប្រជុំនានាដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ខេត្ត ដើម្បីទទួលបានព័ត៌មាន និងស្វែងយល់កាន់តែស៊ីជម្រៅអំពីគោលនយោបាយ ទិសដៅអភិវឌ្ឍន៍ និងឱកាសវិនិយោគថ្មីៗ ព្រមទាំងអាចចូលរួមសម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានទាំងនេះទៅកាន់សមាជិក និងវិនិយោគិនបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិន ព្រមទាំងអំពាវនាវឱ្យវិស័យឯកជនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគក្នុងខេត្តសៀមរាប ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបជូនថាជំនួបខាងលើនេះ គឺជាផ្នែកមួយនៃកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មទៅកាន់សៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: