ចូលជាសមាជិក        |        ខ្មែរ    EN

អំពីសភាពាណិជ្ជកម្មកម្ពុជា

ទំព័រដើម អំពីសភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្ម ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តីពី ​សភាពាណិជ្ជកម្ម​​ក្នុង​ឆ្នាំ​១៩៩៥ និង​លិខិតបទដ្ឋានគតិយុត្ដិ​ពាក់​ព័ន្ធនានា​។ សភាពាណិជ្ជកម្ម​ គឺ​​ជា​គ្រឹះស្ថានសាធារណះ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​គ្រឹះស្ថានសាធារណះតំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។​ ក្រុម​ហ៊ុន​សហគ្រាសស្រប​ច្បាប់​​ធុន​តូច​ មធ្យម និង​ធំ គ្រប់វិស័យនៅ​ទូទាំង​ប្រទេស​ អាច​ចូល​ជា​សមាជិក​របស់សភាពាណិជ្ជកម្ម​បានទាំងអស់។ សភាពាណិជ្ជកម្ម ​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូនរាជ​រដ្ឋាភិបាល ​ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និង​បង្ក​លក្ខណ:​ធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ​។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពាណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប២០ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា រួម​មាន​៖
១) សភាពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ
២) សភាពាណិជ្ជកម្មខេត្ត​​ពោធិ៍សាត់
៣) សភាពាណិជ្ជកម្មខេត្ត​ព្រៃ​វែង
៤)​ សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ស្ពឺ
៥) សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយ​រៀង
៦)​ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះ​សីហនុ
៧) សភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ
៨)​ សភាពាណិជ្ជកម្ម​ខេត្ត​កោះកុង
៩)​ សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ចាម​
១០)​ សភាពាណិជ្ជកម្ម​ខេត្ត​មណ្ឌល​គីរី
១១)​ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​កំពត​-កែប
១២)​ សភាពាណិជ្ជកម្ម​ខេត្ត​បាត់​ដំបង
១៣)​ សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​សៀម​រាប​-ឧត្តរ​មាន​ជ័យ
១៤)​សភាពាណិជ្ជកម្ម​​មណ្ឌល​ខេត្ត​កំពង់​ធំ​-ព្រះ​វិហារ
១៥) សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​កណ្តាល​-កំពង់​ឆ្នាំង​
១៦) សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​ក្រចេះ-ស្ទឹង​ត្រែង​
១៧) សភាពាណិជ្ជកម្ម​ខេត្ត​រតនគិរី
១៨) ​សភាពាណិជ្ជកម្ម​ខេត្ត​តាកែវ
១៩)​ សភាពាណិជ្ជកម្ម​ខេត្ត​ត្បូង​ឃ្មុំ​
២០)​ សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃ​លិន

សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​នឹង​កំពុង​រក្សា​ទំនាក់​ទំនងយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​អន្តរជាតិ​ រួម​មាន​៖​ ក្រុម​ប្រឹក្សាពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត ក្រុម​ប្រឹក្សា​ធុរកិច្ច​មហាអនុតំបន់​ទន្លេ​មេគង្គ ក្រុម​ប្រឹក្សា​ធុរកិច្ច​ឡាង​ឆាង-មេគង្គឡាង ក្រុម​ប្រឹក្សា​ធុរកិច្ច​មេគង្គ​-កូរ៉េ ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​កូរ៉េ បណ្តាញ​ផលិតករ​អាស៊ាន។ល។ ក្នុងនោះផងដែរ យើងក៏បាន​ចូលរួមសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថានទូត​បរទេស​​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅឯបរទេស។ គិតមក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២១ សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុស្សារណៈយោគយល់​ និង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​សរុបចំនួន​ ១៣០ ជាមួយ​ស្ថាប័នដៃ​គូ​ជាតិ​ និង​អន្តរជាតិ​។ កាលពីឆ្នាំ​២០១៨ សភាពាណិជ្ជកម្ម ​និង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​ចំនួន​ ២៦ នៅ​កម្ពុជា បាន​ចុះ​អនុស្សារណៈយោគយល់ ក្នុងការ​ផ្តល់​សិទ្ធ​អំណាចទាំងស្រុង​ឲ្យសភាពាណិជ្ជកម្មកម្ពុជា មានសិទ្ធតំណាងស្របច្បាប់ក្នុងការសម្រេចចិត្ដជា​ឯកច្ឆ័ន្ទ ​ហើយក៏ជាគ្រឹះស្ថានសាធារណះ​តំណាងតែមួយគត់ក្នុងការមានសិទ្ធសន្ទនា​លើកពីបញ្ហា និង​ផ្តល់​យោបល់ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា លើបញ្ហា​ជាក់​លាក់ណាមួយ​ដែល​អាច​នឹង​មានផលប៉ះ​ពាល់​ដល់ អាជីវកម្មវិស័យ​ឯកជន​មួយផ្នែក ឬទាំងស្រុង។

អនុលោមតាមអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ដីពី ការរៀបចំនិងការប្រព្រឹត្ដិរបស់​សភាពាណិជ្ជកម្ម​កម្ពុជា ​បានកំណត់តួនាទី ភារកិច្ច​ដូច​ខាង​ក្រោម៖

- ចូលរួម​អនុវត្ត​គោលនយោបាយសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​
- ផ្តល់ជូនរាជ​រដ្ឋាភិបាលនូវ​យោបល់​ និងព័ត៌មានស្តីពីសេដ្ឋកិច្ច​ និងវិនិយោគ
- ជា​ដៃគូចរចាជាមួយ​រាជរដ្ឋាភិបាល
- ធ្វើទំនាក់​ទំនង​ជាមួយ​ប្រភព​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក្រៅប្រទេស
- បង្កើតវគ្គ​បណ្តុះបណ្តាល ដល់គ្រឹះស្ថាន​​អាជីវកម្ម
- ចូលរួម​សកម្ម​ភាព​ជាមួយ​សភាពាណិជ្ជកម្ម​ក្នុង​តំបន់ ​និង​ពិភពលោក -ល-។

ម្យ៉ាងទៀត សភាពាណិជ្ជកម្ម​កម្ពុជា​ គឺ​ជា​លេខាធិការ​ដ្ឋាន​ផ្នែក​ឯកជន​នៃ​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែក​ឯក​ជន​ ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក ហើយបច្ចុប្បន្ននេះ​ យើងមាន​ក្រុម​ការងារ​ចំនួន​ ១៦ ដូច​ខាងក្រោម៖

១) កសិកម្ម និងកសិ-ឧស្សាហកម្ម
២) ទេសចរណ៍
៣) កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា
៤) នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច
៥) សេវាធនាគារ និងសេវាហិរញ្ញវត្ថុ
៦) ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន
៧) កែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម
៨) ទំនាក់ទំនងវិជ្ជាជីវៈ
៩) ស្រូវ-អង្ករ
១០) ធនធានរ៉ែ និងថាមពល
១១)​ អប់រំ
១២) សុខាភិបាល
១៣) សំណង់ និងអចលនទ្រព្យ
១៤) សេវាហិរញ្ញវត្ថុមិនមែនធនាគារ
១៥) សេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍
១៦) រដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

លើសពីនេះ​ទៅ​ទៀត សភាពាណិជ្ជកម្ម​កម្ពុជា គឺ​ជា​ដៃគូ​ពិភាក្សា​ជាមួយ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋករ អគ្គនាយកដ្ឋាន​ពន្ធ​ដារ និង​សាលារាជ​ធានី​ភ្នំពេញផងដែរ​ ក្រោម​យន្ត​ការ​ភាព​ជា​ដៃ​គូ​គយ​-ផ្នែក​ឯកជន ភាពជា​ដៃ​គូ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ-ផ្នែក​ឯកជន​ និង​ភាព​ជា​ដៃ​គូ​សាលា​រាជ​ធានីភ្នំពេញ​-សភាពាណិជ្ជកម្ម​កម្ពុជា។

សភាពាណិជ្ជកម្ម​កម្ពុជា​ គឺ​ជា​គ្រឹះស្ថានសាធារណះ​តែ​មួយ​គត់​នៅកម្ពុជា ​ដែល​ទទួលស្គាល់​​ដោយ​ ជី​អេ១​អន្តរជាតិ (GS1 International) ជា​អ្នក​ផ្តល់​លេខ​បារកូដ​ទៅ​ដល់គ្រប់​សហគ្រាស​ទាំងអស់​នៅកម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក។ សមាជិក​បារកូដ​កម្ពុជា មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំងផ្ទៃ​ប្រទេស​លើ​វិស័យ​ផលិត​កម្ម​មួយចំនួនដូចជា​៖ ម្ហូប​អាហារ​និង​ភេសជ្ជៈ​ គ្រឿង​សម្អាង និង​សម្ភារៈ​ប្រើប្រាស់ផ្សេងៗ​។ ចំពោះប្រតិបត្ដិការអាជីវកម្មនេះក៏រួមមាន សហគ្រាស​​ខ្នាត​តូ​ច​​ខ្នាត​ធំ ព្រមទាំង​ក្នុង​ និងក្រៅប្រទេសផងដែរ។

ក្រៅពីនេះសភាពាណិជ្ជកម្ម​កម្ពុជា​ ក៏មានផ្តល់​នូវ​សេវាកម្មជា​ច្រើន​ប្រភេទរួម​មាន៖​ ជំនួបពិភាក្សា​ពាណិជ្ជកម្ម ពិព័រណ៍ ប្រឹក្សាយោបល់កិច្ចការ​ធុរកិច្ចអនុលោមតាម​ច្បាប់និងលិខិតបទដ្ឋានគតិយុត្ដិ និង​វគ្គ​បណ្តុះ​បណ្តាល​ទៅ​តាម​តម្រូវការនានា។​