ខេត្តសៀមរាប៖ ដើម្បីស្វែងយល់ពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈ សក្តានុពលផលិតកម្ម និងឱកាសអភិវឌ្ឍធុរកិច្ចក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា សច្ចៈ និងក្រុមហ៊ុន Holly Creek Whisky Co., Ltd. ក្នុងខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា សច្ចៈ គណៈប្រតិភូបានស្វែងយល់ពីតួនាទីរបស់មជ្ឈមណ្ឌលក្នុងការអភិរក្ស និងលើកកម្ពស់សិប្បកម្មខ្មែរ តាមរយៈការបណ្តុះបណ្តាល និងផ្ទេរជំនាញពីសិប្បករមានបទពិសោធន៍ទៅកាន់យុវជន និងអ្នកចាប់អាជីពថ្មីៗ។ សិប្បកម្មសំខាន់ៗរួមមាន ចម្លាក់ឈើ ថ្ម និងស្បែក តម្បាញសូត្រ និងកប្បាស ផលិតផលពីផ្តៅ និងកំប្លោក គំនូរ និងការសូនរូប ព្រមទាំងសិប្បកម្មប្រពៃណីផ្សេងៗទៀត ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។
មជ្ឈមណ្ឌលក៏បានរួមបញ្ចូលបច្ចេកទេសប្រពៃណីជាមួយការរចនាបែបទំនើប ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែច្នៃធនធានធម្មជាតិឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ព្រមទាំងជំរុញការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពសហគមន៍។
បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចក្រុមហ៊ុន Holly Creek Whisky Co., Ltd. ដែលជាសហគ្រាសផលិតស្រាវីស្គីក្នុងស្រុក មានទីតាំងនៅខេត្តសៀមរាប និងបានចាប់ផ្តើមអភិវឌ្ឍសកម្មភាពផលិតកម្មតាំងពីឆ្នាំ២០១៦។ គណៈប្រតិភូបានស្វែងយល់ពីដំណើរការផលិត ចាប់ពីការជ្រើសរើសវត្ថុធាតុដើម ការចម្រាញ់ រហូតដល់ការរក្សាទុកក្នុងធុងឈើអុក ដើម្បីអភិវឌ្ឍគុណភាព និងរសជាតិផលិតផល។ វត្ថុធាតុដើមដែលប្រើប្រាស់រួមមាន ពោត ស្រូវសាលី និងវត្ថុធាតុដើមពីប្រភពក្នុងស្រុក និងនាំចូលពីបរទេស។
ជាពិសេស ក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមួយចំនួន ដូចជាស្រូវរំដួល និងពោតពីខេត្តបាត់ដំបង ព្រមទាំងយកកាកសំណល់ពីដំណើរការផលិតទៅប្រើជាចំណីសត្វ និងកែច្នៃទឹកសំណល់ជាជីសរីរាង្គ ដែលបង្ហាញពីការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការខិតខំបង្កើតផលិតផលមានតម្លៃបន្ថែម និងអត្តសញ្ញាណផ្ទាល់ខ្លួន។
វិស័យសិប្បកម្ម និងឧស្សាហកម្មផលិតក្នុងស្រុក មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងបង្កើតឱកាសអាជីវកម្មដល់សហគមន៍។ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់គុណភាពផលិតផល ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងការពង្រឹងសមត្ថភាពសហគ្រាស គឺជាកត្តាចាំបាច់ក្នុងការបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងរវាងពាណិជ្ជករ សហគ្រាស និងស្ថាប័នពាក់ព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ ស្វែងរកឱកាសសហការ និងជំរុញការអភិវឌ្ឍធុរកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។
សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង











ចូលជាសមាជិក
