ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្ដចុះទស្សនកិច្ចទីតាំងផលិតរបស់ ក្រុមហ៊ុន សាបារា បេសហ្វូត (គ្រឿងហ្លួង សាបារា) ដើម្បីស្វែងយល់ពីសក្តានុពលផលិតគ្រឿងទេសខ្មែរ និងការកែច្នៃកសិផលក្នុងស្រុក

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូពាណិជ្ជករ ចុះទស្សនកិច្ចនៅទីតាំងផលិតរបស់ ក្រុមហ៊ុន សាបារា បេសហ្វូត ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលនៃការផលិត និងកែច្នៃគ្រឿងទេសខ្មែរ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ព្រមទាំងដំណើរការគ្រប់គ្រងផលិតកម្ម និងការអភិវឌ្ឍផលិតផលសម្រាប់ទីផ្សារ។
គ្រឿងហ្លួង សាបារា គឺជាផលិតផលគ្រឿងទេសខ្មែរក្រោមការផលិតរបស់ក្រុមហ៊ុន សាបារា បេសហ្វូត (Sabara Best Food) ដែលមានគោលបំណងរក្សា និងផ្សព្វផ្សាយរសជាតិម្ហូបអាហារបែបប្រពៃណីខ្មែរ តាមរយៈការកែច្នៃគ្រឿងផ្សំស្រស់ៗទៅជាផលិតផលវេចខ្ចប់រួចរាល់ សម្រាប់ជួយសម្រួលដល់ការចម្អិនម្ហូបអាហារប្រចាំថ្ងៃ។ ផលិតផលរបស់សិប្បកម្មនេះមានច្រើនប្រភេទ ដូចជា គ្រឿងអាម៉ុក គ្រឿងការី គ្រឿងសម្លម្ជូរគ្រឿង គ្រឿងសម្លកកូរ គ្រឿងសម្លប្រហើរ គ្រឿងសម្លណាំយ៉ា គ្រឿងសម្រាប់ឆាបាយ និងគ្រឿងប្រឡាក់សាច់ជាដើម។
ចំណុចដែលគួរឱ្យកត់សម្គាល់ គឺការយកចិត្តទុកដាក់លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយមានការសហការជាមួយកសិករនៅតាមសហគមន៍ក្នុងខេត្តសៀមរាប ជាពិសេសនៅស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ដើម្បីផ្គត់ផ្គង់កសិផលស្រស់ៗយកមកធ្វើជាគ្រឿងផ្សំ។ ការតភ្ជាប់រវាងសិប្បកម្ម និងកសិករក្នុងមូលដ្ឋាននេះ មិនត្រឹមតែជួយបង្កើនតម្លៃបន្ថែមលើកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រភពចំណូល និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករផងដែរ។
ជាមួយគ្នានេះ ការផលិតគ្រឿងទេសក៏ផ្តោតសំខាន់លើគុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់តាមស្តង់ដារពាក់ព័ន្ធ។ ការអភិវឌ្ឍផលិតផលឱ្យមានគុណភាព និងការវេចខ្ចប់សមស្រប គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់ និងជំរុញសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានមានឱកាសស្វែងយល់ពីគំរូអាជីវកម្មដែលភ្ជាប់រវាងផលិតកម្ម កសិកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតផលម្ហូបអាហារខ្មែរឱ្យមានលក្ខណៈស្តង់ដារ និងអាចឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់។ ការចុះទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ពាណិជ្ជករក្នុងការផ្លាស់ប្តូរចំណេះដឹង ស្វែងរកកិច្ចសហការ និងពិនិត្យលទ្ធភាពបង្កើតទំនាក់ទំនងធុរកិច្ចនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: