នារសៀលថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោកបណ្ឌិត តាន់ មុនី្នវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «វេទិកាអភិវឌ្ឍន៍ពាណិជ្ជកម្មឌីជីថលអន្តរជាតិលើកទី២ និង សន្និសីទពាណិជ្ជកម្មឌីជីថលពិភពលោកលើកទី១» តាមប្រព័ន្ធអនឡាញ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសមាគមន៍ស្រាវជ្រាវអង្គការពាណិជ្ជកម្មពិភពលោកចិន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អញ្ជើញមកពីក្រសួង/ស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសចិន ព្រមទាំងតំណាងនៃអង្គការអន្តរជាតិ សភាពាណិជ្ជកម្មនិងឧស្សាហកម្មមកពីបណ្ដាប្រទេសនានាក្នុងពិភពលោក។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីពិភាក្សាអំពីហានិភ័យនៃពាណិជ្ជកម្មសកល ទម្រង់ថ្មីនៃការផ្សាយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិក និងនិន្នាការថ្មីនៃពាណិជ្ជកម្មឌីជីថលក្នុងកាលៈទេសៈនៃជំងឺរាតត្បាតថ្មី ព្រមទាំងដើម្បីជំរុញផលិតផលប្រទេសរបស់ខ្លួន បង្កើតដៃគូជាមួយសភាពាណិជ្ជកម្មផ្សេងៗ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយផ្ទាល់ជាមួយសហគ្រាសចិន។ ក្នុងកិច្ចប្រជុំនេះផងដែរ លោកបណ្ឌិត តាន់ មុន្នីវណ្ណ បានថ្លែងសុន្ទរកថាដោយលើកឡើងអំពីចំណុចសំខាន់ៗដូចខាងក្រោម៖
- សារៈសំខាន់ និងអត្ថប្រយោជន៍នៃវេទិកា និងសន្និសីទខាងលើ
- ផលប៉ះពាល់នៃជំងឺរាតត្បាតជាសកល កូវីដ-១៩
- តួនាទីដ៏សំខាន់ និងនិន្នាការក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាតាមប្រព័ន្ធឌីជីថល
- ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ាន និងចិន
- ទំនាក់ទំនងពាណិជកម្មរវាងកម្ពុជា និងចិន។
ជាចុងក្រោយ លោកបណ្ឌិតបានលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យមានភាពរឹងមាំ និងសហការគ្នាក្នុងការជម្នះឧបសគ្គនានាក្នុងអំឡុងនៃជំងឺរាតត្បាតនេះ ហើយសភាពាណិជ្ជកម្មកម្ពុជា តែងតែត្រៀមខ្លួន និងស្វាគមន៍ក្នុងការសហការ និងចាប់ដៃគូពាណិជ្ជកម្មជាមួយធុរជនមកពីបណ្ដាប្រទេសនានា ដើម្បីលើកកម្ពស់កំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងអស់គ្នា។