នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជកម្ម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសភាពាណិជ្ជកម្មកម្ពុជាដោយលោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបងដឹកនាំដោយលោក ពៅ ជា អនុប្រធាន សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ទូច សុខា សមាជិកជ្រើសតាំង ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត ។
បន្ទាប់ពីឯកឧត្តមឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានជម្រាបជូនរបាយការណ៍ស្វាគមន៍ អំពីសកម្មភាពរបស់សភាពាណិជ្ជកម្មខេត្តប៉ៃលិនរួចមក ឯកឧត្តម
ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានមានប្រសាសន៍កោតសសើចំពោះសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលរួបរួមសាមគ្គីគ្នាឈរបានយ៉ាងរឹងមាំ ជួយគាំទ្រធ្វើឲ្យសភាពាណិជ្ជកម្មខេត្តប៉ៃលិន ដំណើរការទៅបានដោយរលូន ក្រោមការដឹកនាំរបស់ ឯកឧត្តមឧកញ៉ា ប្រធាន ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់អង្គពិធីដែរអំពីទីផ្សារសេរីដែលរដ្ឋាភិបាលក៏ដូចជាក្រសួងបានខិតខំចរចារជាមួយភាគីចិនទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសគឺការនាំចេញដំឡូងមី ដែលនិងត្រូវកាត់បន្ថយពន្ធនៅសូន្យភាគរយសម្រាប់ការនាំចូលទៅក្នុងប្រទេសចិនក្នុងពេលឆាប់ខាងមុខនេះបន្ទាប់ពីលទ្ធផលការចរចារត្រូវចូលជាធរមាន ។
នៅចុងបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងពិធីសំណេះសំណាលនាឱកាសនេះ ។
ពិធីសំណេះសំណាល បានបញ្ចប់ទៅនៅវេលាម៉ោង ១៦.០០ នាទី ប្រកបដោយភាពស្និតស្នាល និង រីករាយក្រៃលែង ។
សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តប៉ៃលិន