នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងកាលពីព្រឹក
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធី ប្រគល់អនុក្រឹត្យ និងប្រកាសទទួលស្គាល់សមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មខេត្តបាត់ដំបងអាណត្តិទី១ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមជាភ្ញៀវកិត្តិយសពីឯកឧត្តមឧកញ៉ា ឡោស៊ុនជាង ប្រធានសផាពាណិជ្ជកម្មខេត្តប៉ៃលិន លោក ស៊ីម រ៉ាស៊ី អនុប្រធានសភាពាណិច្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានេជ័យ លោក ទូច សុខា សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកស្រី គឹម ចន្ទណារី ប្រធានរដ្ឋាបាលសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់។
ឯកឧត្តម គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបាត់ដំបងអាណត្តិទី១ លើកទី១ អ្នកចុះឈ្មោះបោះឆ្នោតមាន ៤៥៥នាក់ អ្នកមកបោះឆ្នោតចំនួន៣១៧នាក់ស្មើ៧០ភាគរយ។
លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តទើបជាប់ថ្មីបានបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តបានធ្វើការកំណត់ផែនការរយ:ពេលបីឆ្នាំនិងបានកំណត់ទិសដៅសំខាន់ៗ៥ចំណុច៖
១.សម្របសម្រួលដោះស្រាយបញ្ហាដល់សមាជិកក្នុងខេត្ត
២.វិធានការដោះស្រាយរកទីផ្សារកសិផលបន្ទាន់ និងស្វែងរកដៃគូចែកចាយនិងរកអតិថិជនផ្ទាល់ដោយក្នុងនោះសភាពាណិជ្ជកម្មគ្រោងបង្កើតផ្សារសភាពាណិជ្ជកម្មខេត្តដើម្បីជាប្រយោជន៍ដល់សមាជិក សមាជិកាទាំងអស់
៣.ជម្រុញវិនិយោគិនក្នុងស្រុក និងទំនាក់ទំនងស្វែងរកដៃគូវិនិយោគក្រៅប្រទេសដើម្បីឲ្យមកវិនិយោគនៅខេត្តបាត់ដំបង ជាពិសេសផ្តោតលើការកែឆ្នៃកសិផល
៤.ជម្រុញផលិតកម្ម សិប្បកម្ម ឧស្សាហកម្មដែលមានស្រាប់ឲ្យធ្វើការកែឆ្នៃនូវវត្ថុធាតុដើមក្នុងស្រុកដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស
៥.សភាពាណិជ្ជកម្មខេត្តបាត់ដំបងបានត្រៀមធ្វើការរៀបរៀងនិងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តបាត់ដំបងដើម្បីផ្សព្វផ្សាយអំពីសក្កដានុពលខេត្តទៅកាន់ពិភពលោកក្នុងគោលបំណងកៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសមកកាន់ខេត្តបាត់ដំបង ។
បន្ទាប់ពីស្ដាប់នៅទិសដៅការងារ និងការប្ដេជ្ញាចិត្តរបស់ លោកប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងមតិណែនាំរបស់ឯកឧត្តម យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្ត រួចមកឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរចំពោះ សភាពាណិជ្ជកម្មខេត្តបាត់ដំបងអាណត្តិទី១ លើកទី១ នេះដែលភាគច្រើនសុទ្ធតែក្មេងៗ តែមានសមត្ថភាព ចំណេះដឹងខ្ពស់ និងមានគំនិតឆ្នៃប្រឌិតដោយយកគំរូតាមមេចាស់ៗ ឯកឧត្តមក៏បានផ្ដាំផ្ញើរផងដែរត្រូវរក្សាទំនាក់ទំនង និងសហការល្អជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ។ លើសពីនេះទៀតឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកអំពីតួរនាទី និងភារៈកិច្ចរបស់សភាពាណិជ្ជកម្មដើម្បីជាជំនួយស្មារតីដល់សមាជិក សមាជិកាទាំងអស់ផងដែរ ។
ដោយលែកនៅរសៀលថ្ងៃដដែលនេះ នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក៏មានរៀបចំពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការ ការរៀបរៀង និងបោះផ្សាយសៀវភៅមគ្គុទ្ទេសក៍វិនិយោគខេត្តបាត់ដំបងក្រោមអធិបតីភាព លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងលោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង នៃសភាបាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកាផងដែរ។ បន្ទាប់ពីចប់ពិធីខាងលើលោកប្រធានក៏បានអញ្ជើញក្រុមការងារអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាពិនិត្យមើលទីតាំងបង្កើតផ្សារសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងទស្សនាផ្សារបោះដុំបន្លែ ភួ ពុយ ដែលផ្សារនេះជាទីតាំងដោះដូរកសិផលស្ទើតែ៧០% ដែលប្រជាកសិករក្នុងខេត្តផលិតបាន ហើយផ្គត់ផ្គង់ទៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា ផ្សារបោះដុំបន្លែ ភួ ពុយ នេះសាងសង់លើផ្ទៃដី៤ហិតា ដោយលោកឧកញ៉ាបណ្ឌិត ភួ ពុយ និងគ្រប់គ្រងដោយលោក ភួ វាសនា ដោយចែកជូនអាជីវករលក់ដូរដោយមិនគិតថ្លៃឈ្នួលរហូតមកដល់ពេលនេះមានរយៈពេល៥ឆ្នាំមកហើយ ។
អត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង