ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

“សន្និសីទភាពជាអ្នកដឹកនាំអន្តរជាតិ” តាមប្រព័ន្ធអនឡាញ

នារសៀលថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម “សន្និសីទភាពជាអ្នកដឹកនាំអន្តរជាតិ” តាមប្រព័ន្ធអនឡាញ។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល ក្រោមមូលបទថា “ឱកាសនិងក្ដីសង្ឃឹមក្នុងអំឡុងវិបត្តិសកល៖ ការពឹងផ្អែកគ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃសកល” ។ ស្ថិតក្នុងវិបត្តិការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ សន្និសីទភាពជាអ្នកដឹកនាំអន្តរជាតិ ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញជាលើកដំបូង ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនានា និងលើកឡើងជាដំណោះស្រាយជាក់លាក់ និងការអនុវត្តល្អ ដោយផ្ដោតលើគោលការណ៍៣៖ ១)ការពឹងផ្អែកគ្នាទៅវិញទៅមក ២)វិបុលភាពរួម និង ៣)គុណតម្លៃសកល។
ក្នុងអំឡុងពេលសន្និសីទនេះ បណ្ឌិត តាន់ មុនី្នវណ្ណ បានចូលរួមថ្លែងសុន្ទរកថាទៅកាន់អង្គសន្និសីទទាំងមូលពាក់ព័ន្ធនឹង “តួនាទីរបស់អ្នកដឹកនាំធុរកិច្ចក្រោយការរាតត្បាតជំងឺកូវីដ-១៩” និងបានលើកឡើងអំពី៖
• តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺងកូវីដ-១៩ ក៏ដូចជាចូលរួមកាត់បន្ថយផលវិបាកមកលើវិស័យសេដ្ឋកិច្ច តាមរយៈការផ្តល់នូវព័ត៌មានពិតនិងទាន់ពេលវេលាអំពីផលប៉ះពាល់របស់ជំងឺងកូវីដ-១៩ មកលើអាជីវកម្ម និងស្នើសុំអន្តរាគមន៍ទាន់ពេលវេលាពីរដ្ឋាភិបាល។
• កិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយបណ្ដាសមាគម និងសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
• ការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា រួមនិងវិធានការរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ

បណ្ឌិត តាន់ មុនី្នវណ្ណ បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធឲ្យជួយគាំទ្រគ្នាទៅវិញទៅមកទៅតាមលទ្ធភាព ជាពិសេស ការផ្ទេរបច្ចេកវិទ្យា និង ការចែករំលែកការអនុវត្តល្អៗ ដើម្បីរួមគ្នាដោះស្រាយវិបត្តិជាសាកលនេះ ឆ្ពោះទៅរកវិបុលភាពរួម។ បណ្ឌិត បានស្នើសុំឲ្យមានការអនុវត្តពេញលេញនូវអនុសាសន៍ដ៏មានប្រយោជន៍របស់អង្គសន្និសីទ ជាពិសេសធាតុចូលវិស័យឯកជន។

 

ចែករំលែក: