ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០ បានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់គាំទ្រ និង​អនុវត្ត​ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ លោក ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ បានចូលរួមកិច្ចប្រជុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃ គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ក្រោមអធិបតិភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ព្រមទាំងវត្តមានសមាជិកសមាជិកាគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) និងតំណាងពីស្ថាប័នរដ្ឋ និងឯកជន ជាច្រើនរូប។

កិច្ចប្រជុំនេះសមាជិកសមាជិកានៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានផ្តល់យោបល់ ឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជាប្រធានអង្គប្រជុំបានលើកឡើងថា កន្លងមកគណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្លាប់បានអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលនយោបាយ មួយចំនួនសម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលតាម វិស័យអាទិភាពលើមុខរបរដែលទីផ្សារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគតជាច្រើនរួចមកហើយ ដែលកញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ គឺជាឯកសារគោលក្នុងការកំណត់សមត្ថភាពសំខាន់ៗ ដូចជាសមត្ថភាពមូលដ្ឋាន ឬសមត្ថភាពគាំទ្រការបំពេញការងារ (ជំនាញទន់) និងសមត្ថភាពស្នូល (ជំនាញបច្ចេកទេសបំពេញការងារ)ជាដើម។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០ នេះ អង្គប្រជុំបានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះ ១)វិស័យសំណង់មាន ៨មុខរបរ, ២)វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧មុខរបរ, ៣)វិស័យអគ្គិសនី និងថាមពលមាន ៥មុខរបរ, ៤)វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤មុខរបរ, ៥)វិស័យកម្មន្តសាលមាន ៧មុខរបរ, ៦)វិស័យបរិក្ខារត្រជាក់ និងកំដៅមាន ២មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត១។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១៖៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ ទទួលលទ្ធផលល្អ នឹងទទួលខុសត្រូវខ្ពស់។

ព័តមានលម្អិតបន្ថែមពី facebooks ក្រសួង៖ https://www.facebook.com/1089306537780772/posts/3517113018333433/?extid=u8RHa71Al6swQMhd&d=n

ចែករំលែក: