(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសំណង់និងអចនវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។
កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ៧៦១ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ ដែលនិយាយអំពី តម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ , ២. បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុដោយគ្មានអាជ្ញាប័ណ្ណ និង៣. បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:២០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។











ចូលជាសមាជិក
