ទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម វេទិកាធុរកិច្ចតួកគីយ៉េ -កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគីយ៉េ។ វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគីយ៉េ អ្នកតំណាងពីស្ថាប័នរដ្ឋាភិបាល និងធុរជននៃប្រទេសទាំងពីរ ជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ ស្វែងរកកាលានុវត្តភាពវិនិយោគ និង ពង្រឹងទំនាក់ទំនងធុរកិច្ចឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងឱកាសនៃវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍អំពីមិត្តភាព និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសតួកគីយ៉េ និងកម្ពុជា តាមរយៈការទូត ពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ជើងហោះហើរត្រង់។ ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធាន ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរក្នុងការបន្តកសាងទំនាក់ទំនងតភ្ជាប់ប្រទេសទាំងពីរ ជាពិសេសទស្សនកិច្ចការងាររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី មកកាន់សាធារណរដ្ឋតួកគីយ៉េ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងប្រទេសទាំងពីរ។ ដើម្បីជំរុញឱ្យធុរជន និងវិនិយោគិនតួកគីយ៉េ ចូលមកបណ្តាក់ទុននៅកម្ពុជា អ្នកឧកញ៉ាប្រធាន បានលើកយកនូវវិស័យសក្តានុពលចំនួន ៣ រួមមាន៖
១) បង្កើតរោងចក្រកែច្នៃកសិផល សម្រាប់ការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី។
២) ជំរុញឧស្សាហកម្មតួកគីយ៉េ ដែលមានបំណងធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់សកលក្នុងតំបន់អាស៊ី ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
៣) ប្រើប្រាស់បណ្តាញភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដែលអាចជួយបើកច្រករបៀងថ្មីៗប្រកបដោយប្រសិទ្ធភាព ក្នុងការតភ្ជាប់មជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ដោយផ្ទាល់ទៅកាន់ច្រករបៀងពាណិជ្ជកម្មអឺរ៉ាស៊ី។
បន្ថែមពីនេះទៅទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញពាណិជ្ជកម្មនិងការវិនិយោគបន្ថែមទៀត អ្នកឧកញ៉ាប្រធាន ក៏បានស្នើឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ជួយជំរុញរដ្ឋាភិបាលទាំងពីរឱ្យបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា និងតួកគីយ៉េ។ ជាកិច្ចបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរជនតួកគីយ៉េ ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងអំឡុងពេលនៃវេទិកាធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ដើម្បីរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និង តួកគីយ៉េ។ អនុស្សរណៈយោគយល់នេះ កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការស្ថាប័នទាំងពីរ ក្នុងរៀបចំព្រឹត្តិការណ៍ ធុរកិច្ចរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន និងការជួយគាំទ្រដល់ធុរជនទាំងពីរប្រទេស។
វេទិកាធុរកិច្ច បញ្ចប់ទៅដោយមានការរៀបចំជាជំនួបពាណិជ្ជកម្ម ហើយធុរជនប្រទេសទាំងពីរ ជួបប្រាស្រ័យទាក់ទងគ្នា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ។ វេទិកាធុរកិច្ចនេះ ជួយជំរុញស្មារតីកិច្ចសហប្រតិបត្តិការ និង កសាងមូលដ្ឋានសម្រាប់ទំនាក់ទំនងធុរកិច្ចដ៏រឹងមាំរវាងកម្ពុជានិងតួកគីយ៉េ។








ចូលជាសមាជិក
