កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបិទបញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលស្ដែងឡើងតាមរយៈសកម្មភាពសំខាន់ៗជាច្រើន ក្នុងន័យរួមចំណែកដល់ការពង្រឹងបណ្តាញធុរកិច្ចក្នុងស្រុក ស្វែងរកឱកាសវិនិយោគ និងលើកកម្ពស់ផលិតផលក្នុងស្រុក។
ក្នុងអំឡុងពេលកម្មវិធី គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍ និងឱកាសវិនិយោគក្នុងខេត្ត ព្រមទាំងបានរៀបចំកម្មវិធីជំនួបពាណិជ្ជកម្មជាមួយសមាជិក សមាជិកា និងម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្គូផ្គងធុរកិច្ច ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងស្វែងរកដៃគូសហការនាពេលអនាគត។
ជាមួយគ្នានេះ គណៈប្រតិភូបានក៏ចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីតាំងសិប្បកម្មមួយចំនួនក្នុងមូលដ្ឋានមានដូចជា សិប្បកម្ម លឹម សេង ហ៊្វូត ក្រុមហ៊ុន សាបារា បេសហ្វូត (គ្រឿងហ្លួង សាបារា) មជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា សច្ចៈ ក្រុមហ៊ុន Holly Creek Whisky Co., Ltd. និងកសិដ្ឋានឆ្លាតវៃបាគង ដើម្បីស្វែងយល់ពីដំណើរការផលិត និងកែច្នៃផលិតផលក្នុងស្រុក ការអភិវឌ្ឍសិប្បកម្មខ្មែរ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការគ្រប់គ្រងគុណភាព និងស្តង់ដារផលិតកម្ម ព្រមទាំងការអនុវត្តបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ពិធីទទួលទានអាហារសាមគ្គីក៏បានរួមចំណែកពង្រឹងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងធុរជនមកពីតំបន់ផ្សេងៗគ្នាផងដែរ។
សកម្មភាពនេះបានផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់ពាណិជ្ជករ ម្ចាស់អាជីវកម្ម និងសមាជិក សមាជិកា ក្នុងការពង្រឹងបណ្តាញទំនាក់ទំនង ស្វែងយល់ពីសក្តានុពលអាជីវកម្មក្នុងតំបន់ បង្កើតឱកាសសហការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការលើកកម្ពស់ផលិតផលខ្មែរ ការបង្កើនតម្លៃបន្ថែម និងការពង្រីកទីផ្សារ។
កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង











ចូលជាសមាជិក
