ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP - 1st Protocol) និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា


ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP - 1st Protocol) និង ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ និងមានការចូលរួមពីគណៈកម្មការទី៥ ដឹកនាំដោយ ឯកឧត្តមឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានគណៈកម្មការទី៩ បានជម្រាបអង្គប្រជុំថា គណៈកម្មការជំនាញទី៥ និងទី៩ នៃរដ្ឋសភាបានពិនិត្យលើអត្ថបទពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និង ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើពិធីសារទាំងពីរនេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាបានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗនៃពិធីសារទាំងពីរនេះ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាន នៅពេលពិធីសារទាំងនេះចូលជាធរមាន និងបានបង្ហាញពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ និងទំនិញ ទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពនិងគាំទ្រទាំងស្រុងលើខ្លឹមសារនៃកិច្ចព្រមព្រៀង ដោយពុំមានការកែសម្រួលបន្ថែមនោះទេដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

គួរជម្រាបផងដែរថា ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុនមានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ ម្យ៉ាងទៀតក្រោយពីពិធីសារនេះចូលជាធរមាន នឹងជំរុញការទាក់ទាញវិនិយោគិន និងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន នាំឱ្យលំហូរនៃបច្ចេកទេស និងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ ជាពិសេសកម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយសារអាស៊ានគឺជាទីផ្សារតំបន់ដ៏ធំមួយ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគ និងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ាន លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន និងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា៕

ចែករំលែក: