នាថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលស្វាគមន៍ឯកឧត្ដម M. FAHAD UR REHMAN ភារធារីនៃស្ថានទូតប៉ាគិស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះ ត្រូវបានរៀបចំតាមការស្នើឡើងពីឯកឧត្ដមភារធារី ដើម្បីស្ដែងការគួរសម និងដើម្បីបង្កើនទំនាក់ទំនងល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញទំនាក់ទំនងធុរកិច្ចកម្ពុជា-ប៉ាគិស្ថានឱ្យកាន់តែល្អប្រសើរឡើង។ នៅក្នុងជំនួប ឯកឧត្ដមភារធារី បានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីប៉ាគិស្ថាន ឯកឧត្ដម MIR ZAFARULLAH KHAN JAMALI បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំ២០០៤ ហើយក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការផងដែរ។ បន្ទាប់ពីការបំពេញទស្សនកិច្ចនេះមួយឆ្នាំ គឺនៅឆ្នាំ២០០៥ ប៉ាគិស្ថានបានបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជា។ ឯកឧត្ដមភារធារី បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគិស្ថាន នៅមានកម្រិតទាបនៅឡើយ។ ហេតុដូច្នេះ ក្នុងជំនួបថ្ងៃនេះ ឯកឧត្ដមភារធារី មានគោលបំណងចម្បងក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ចរវាងធុរជនកម្ពុជា-ប៉ាគិស្ថាន ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរឡើង។
ជាកិច្ចឆ្លើយតប ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច បានទទួលស្វាគមន៍ឯកឧត្ដមភារធារីយ៉ាងកក់ក្ដៅ និងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញទំនាក់ទំនងធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង និងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មរួមគ្នា ជាពិសេស ការភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។