ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ពៅ សុធារិន អនុប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ជាតំណាង លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីខ្លឹមសារ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្តិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញាតិ្ដផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈ ដល់អាជីវករ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដែលរៀបចំនៅសាលប្រជុំសកលវិទ្យាល័យស្វាយរៀង។សិក្ខាសាលានេះ មានការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត, ប្រធានសាខា ក.ប.ប ខេត្ត ព្រមទាំងម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយនៅក្នុងខេត្តស្វាយរៀង ព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។ គោលបំណងសិក្ខាសាលានេះ ដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់ និងលើកស្ទួយកិត្យានុភាពជាតិ។ ការធានាការធ្វើជីវកម្មប្រកបដោយសុច្ចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន (មិនមានតម្រូវឱ្យបង់ថ្លៃសេវាត្រួតពិនិត្យ) ហើយគោលដៅដែលត្រូវអធិការកិច្ច គឺស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស និងអនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។
រូបភាព និង អត្ថបដោយ៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង