ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ដស្វាយរៀងមានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាង សភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសហគ្រាសខ្នាតតូច និងមធ្យម(SME) ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈមដែលសហគ្រាស ក្រុមហ៊ុនសិប្បកម្មខ្នាតតូច និងមធ្យមកំពុងជួបប្រទះនាពេលបច្ចុប្បន្ន កិច្ចប្រជុំនេះស្ថិតក្រោម អធិបតីភាព លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង និងលោក ប៉ែន សាវុធ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ដស្វាយរៀង និង លោក ឈឹម សារិទ្ធិ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ជាតំណាង លោក មាក ឆវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា បងប្អូនម្ចាស់សិប្បកម្ម សហគ្រាសខ្នាតតូច និងមធ្យម(SME)ចំនួន១០សហគ្រាស និងសិប្បកម្មមកពីជុំវិញខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម និងការស្វែងយល់ពីបញ្ហាប្រឈមនានាដែលសហគ្រាសកំពុងជួបប្រទះ រួមទាំងជួញពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដតាមរយៈការផ្លាស់ប្ដូរយោបល់គ្នារវាងសភាពាណិជ្ជកម្មខេត្ដស្វាយរៀង និងសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដ ស្វែងរកដំណោះស្រាយ និងជួយសម្រួលដល់ការវិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមឲ្យកាន់តែមានភាពរីកចម្រើន និងជោគជ័យក្នុងដំណើរអាជីវកម្មរបស់ខ្លួនស្របទៅតាមច្បាប់ ដែលជាឧត្ដមប្រយោជន៍ក្នុងការផ្គត់ផ្គង់ផលិតផលក្នុងខេត្ដ បង្កើតទីផ្សារការងារ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងការប្រកួតប្រជែងផលិតផលបរទេសតាមរយៈការនាំចេញ ។
កិច្ចប្រជុំបញ្ចប់ទៅប្រកបដោយផ្លែផ្កា ហើយដើម្បីរឹតចំណងសាមគ្គីភាព គណអធិបតីព្រមទាំងសមាជិកអង្គប្រជុំបានចូលរួមពិសារអាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយ ។
អត្ថបទ និងរូបភាពដោយ ៖សភាពាណិជ្ជកម្មខេត្តស្វាយរៀង