(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជនលើសេចក្តីព្រាង "អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម" និង "អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម" ។
កិច្ចប្រជុំនេះប្រព្រត្តឹទៅក្រោមអធិបតីភាព របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងទទួលធាតុចូលពីវិស័យឯកជនពាក់ព័ន្ធការរៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ តបតាមការចង្អុលបង្ហាញក្នុង "យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០" ដោយតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពបទប្បញ្ញាត្តិ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងកំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងយន្តការសម្រាប់ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដល់សហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានចាត់ថ្នាក់ជាសហគ្រាសធុនតូច និងមធ្យម (ដែលសរសេរអក្សរកាត់ថា ស.ត.ម.) ដូចបានកំណត់ក្នុងអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមចំណែកក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការតភ្ជាប់ ស.ត.ម. ជាមួយនឹងសហគ្រាសមានប្រភពទុនវិនិយោគផ្ទាល់ពីបរទេស បង្កើតការងារ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ត្រូវបានកំណត់បែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដែលគិតចាប់ ពីការចាប់ផ្ដើមអាជីវកម្ម ការធ្វើប្រតិបត្តិការអាជីវកម្ម រហូតដល់ការបិទអាជីវកម្ម ដែល សរសេរអក្សរកាត់ថា ស.ត.ម. ដើម្បីផ្ដល់ស្ថានភាពស្របច្បាប់ និងសម្រួលដល់ការធ្វើអាជីវកម្ម ឱ្យបានជាអតិបរមា សំដៅចូល រួមជំរុញការអភិវឌ្ឍ ស.ត.ម. ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១៣:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសស្និទ្ធស្នាល និងលទ្ធផលគួរជាទីមោទនៈ។














ចូលជាសមាជិក
