ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សម្ដេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ប្រទេសសិង្ហបុរីហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី

បន្ទាប់ពីចាក់ចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្រ្តីគណៈប្រតិភូជាន់ខ្ពស់ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញដល់ប្រទេសសិង្ហបុរីហើយនៅវេលាម៉ោង១១ព្រឹក ម៉ោងនៅប្រទេសសឹង្ហបុរី ត្រូវនឹងម៉ោង១០ព្រឹក ម៉ោងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨។ នៅអាកាសយានដ្ឋាន នៃប្រទេសសឹង្ហបុរីមានការទទួលបដិសណ្ឋារកិច្ចដោយមន្រ្តីសិង្ហបុរី និងមន្រ្តីការទូតកម្ពុជា។ សូមជម្រាបថា សំរាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ គឺប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនផ្សេងទៀតដូចជា៖ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ , កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៣ , កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ , កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក , កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើក ទី២១ , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ) , កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ , និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី២។ ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួនទៀតដូចជា៖ កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន, កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , ពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន , និងជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។ គួរបញ្ជាក់ថា មុនមួយថ្ងៃនៃកិច្ចប្រជ៊ំកំពូលអាស៊ាន ពោលគឺថ្ងៃទី១២ ខែវិច្ជិការ ឆ្នាំ ២០១៨ បណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) ដើម្បីពិគ្រោះយោបល់ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងមានការចូលរួមពីបណ្តាក្រុមធុរកិច្ចអាស៊ាន ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កម្ពុជា ផងដែរបានអញ្ជើញចូលរួម។ នៅក្នុងពិធីនេះលោកប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ាន បានមានប្រសាសន៍ថ្លែងនូវការអបអរសាទរ និងថ្លែងនូវការអរគុណចំពោះការអញ្ជើញចូលរួមពីបណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងវិស័យឯកជននានាដើម្បីជាការរួមគ្នាស្វែងរកគំនិតថ្មីៗ និងចែករំលែកបទពិសោធន៍ឲគ្នាទៅវិញទៅមកក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគឲកាន់តែច្រើន ដើម្បីជាផលប្រយោជន៍ដល់ជាតិ និងប្រជាជនបណ្តាប្រទេសតំបន់អាស៊ាន។ នៅក្នុងឪកាសនេះដែរ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានមានប្រសាសន៍ថា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីបណ្តាវិស័យឯកជន។ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានមានប្រសាសន៍ថា បច្ចុប្បន្នសក្តានុពលអាស៊ានមានសន្ទុះខ្លាំង មានទាំងធុរកិច្ច និងបច្ចេកវិទ្យា ថ្មីៗដែលបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងបានបង្កើតការងារច្រើនដល់យុវជនអាស៊ាន។ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរីបានបញ្ជាក់ថា សូមធុរកិច្ចពង្រឹងសម្ថតិភាពខ្លួនបន្ថែមទៀតដើម្បីរីកចំរើនទៅមុខ ។ ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តមបានបន្តថា រដ្ឋាភិបាល និងប្រមុខរាជដ្ឋាភិបាលអាស៊ាន នឹងធ្វើការពិភាក្សាគ្នាដើម្បីរៀបចំគោលនយោបាយសេដ្ឋកិច្ច ក្នុងការជួយគិតគូរដល់វិស័យឯកជនបន្ថែមទៀត។



ចែករំលែក: