ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពាណិជ្ជកម្ម និង ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិនទាំងអស់

ជំនួបពាណិជ្ជកម្ម និង ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិនទាំងអស់ នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំជំនួបពាណិជ្ជកម្ម និង ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិនទាំងអស់។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Gao YunLong អនុប្រធានគណកម្មការជាតិសន្និសីទទីប្រឹក្សានយោបាយ និងជាប្រធានសហព័ន្ធឧស្សាហកម្ម-ពាណិជ្ជកម្មចិនទាំងអស់ ព្រមទាំងមានការ​ចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូចិនផងដែរ។ សូមជម្រាបផងដែរថា គណៈប្រតិភូចិនដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅសភាពាណិជ្ជកម្មកម្ពុជានេះ មានចំនួន៣០នាក់ ដែលក្នុងនោះមានក្រុមហ៊ុនជាច្រើនអញ្ជើញមកវិស័យខុសៗគ្នា ដូចជា នវានុវត្តន៍បច្ចេកវិទ្យា សម្ភារពេទ្យ កសិកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន សំណង់ គ្រឿងចក្រ អប់រំ សុខាភិបាល អចលនទ្រព្យ ទេចរណ៍ ។ល។ គោលបំណងនៃការបំពេញទស្សនកិច្ចនេះ គឺដើម្បីបង្កើតទំនាក់ទំនង និង កិច្ចសហប្រតិបត្តិល្អរវាងស្ថាប័នទាំងពីរ ក៏ដូចជា ដើម្បីស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេស ការចាប់ដៃពាណិជ្ជកម្មជាមួយធុរជនកម្ពុជាក្នុងវិស័យសក្កដានុពល។ ក្រៅពីជំនួបពាណិជ្ជកម្មនេះ ស្ថាប័នទាំងពីរក៏បានឯកភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១. ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការជំរុញគម្រោងពាណិជ្ជកម្ម ការសម្របសម្រួលវិស័យធុរកិច្ច និង សកម្មភាពបណ្ដុះបណ្ដាលនានា ២. ផ្ដល់ការគាំទ្រទៅវិញទៅមកក្នុងសកម្មភាពវិនិយោគ និង ធុរកិច្ច ក្នុងវិស័យ​កសិកម្មនិងអាហារ ធនធាននិងថាមពល ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយធំ កម្មន្តសាលនិងបច្ចេកវិទ្យា ។ល។ ៣. ពង្រឹងការផ្លាស់ប្ដូរព័ត៌មាន​ស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ច និងឱកាសវិនិយោគ រវាងប្រទេសទាំងពីរ និង ៤. គាំទ្រការបង្កើតសមាគមសហគ្រិនអាស៊ាន-ចិន។ ជាចុងក្រោយ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពរលូន និងជោគជ័យនៅក្នុងកាលបរិច្ឆេទដដែល ហើយគណៈប្រតិភូទាំងអស់បានថតរូបអនុស្សាវរីយប្រកបដោយមេត្រីភាព និងស្និទ្ឋស្នាលបំផុត៕






ចែករំលែក: