សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦–២០៣០" លើកទី២
The second consultation workshop on "National Strategy for the Development of Micro, Small and Medium Enterprises 2026-2030"
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅសណ្ឋារគារសុខា រ៉េស៊ីដិន, ឧកញ៉ាបណ្ឌិត ស៊ីន ចន្ធី តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម" លើកទី២ ក្រោមអធីបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសលាពិគ្រោះយោបល់នេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងគ្រឹះស្ថានសមាគមឯកជន, តំណាងគ្រឹះស្ថានធនាគារ ក្រុមហ៊ុនផ្នែកឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព និងភាពធន់របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។
យុទ្ធសាស្រ្តជាតិនេះមានគោលដៅចំនួន ៣ ដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសាធារណៈ ដើម្បីជ្រោមជ្រែង និងគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យម
ទី២. ការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងភាពប្រកួតប្រជែង របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម និង
ទី៣. ដោះស្រាយនូវឧបសគ្គ ដែលរារាំងដល់ការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម។
យុទ្ធសាស្ត្រជាតិនេះមានចក្ខុវិស័យ ពង្រឹង និងពង្រីកការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (ស.ម.ត.ម.) កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។
ដើម្បីសម្រេចបាននូវគោលបំណង គោលដៅ និងចក្ខុវិស័យខាងលើ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈសសរស្ដម្ភចំនួន ៤ គឺ រដ្ឋាភិបាល ផលិតកម្ម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ យុទ្ធសាស្ត្រទាំង ៤ នេះ ឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ចាប់ពីដំណាក់កាលនៃការបើក-បិទ ការផលិត និងការចូលទៅក្នុងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងយន្តការសម្របសម្រួល និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទាំងនេះ។
ដូច្នេះ យុទ្ធសាស្ត្រជាតិអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦–២០៣០ បានកំណត់យុទ្ធសាស្ត្រគោល និងវិធានការគន្លឹះ ដូចខាងក្រោម៖
យុទ្ធសាស្ត្រទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់
យុទ្ធសាស្ត្រទី២៖ ការពង្រឹងផលិតកម្ម សេវាកម្ម និងការពង្រីកបច្ចេកវិទ្យានិងនវានុវត្តន៍
យុទ្ធសាស្ត្រទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារជាតិ និងអន្តរជាតិ
យុទ្ធសាស្ត្រទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc














ចូលជាសមាជិក
