BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The second consultation workshop on "National Strategy for the Development of Micro, Small and Medium Enterprises 2026-2030"

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម ឆ្នាំ២០២៦–២០៣០" លើកទី២

The second consultation workshop on "National Strategy for the Development of Micro, Small and Medium Enterprises 2026-2030"

———

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទី នៅសណ្ឋារគារសុខា រ៉េស៊ីដិន, ឧកញ៉ាបណ្ឌិត ស៊ីន ចន្ធី តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម" លើកទី២ ក្រោមអធីបតីភាព ឯកឧត្តម ហែ​ម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សិក្ខាសលាពិគ្រោះយោបល់នេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, តំណាងគ្រឹះស្ថានសមាគមឯកជន, តំណាងគ្រឹះស្ថានធនាគារ ក្រុមហ៊ុនផ្នែកឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​

យុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យសហគ្រាសធុនមីក្រូ តូច​ និងមធ្យម មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព និងភាពធន់របស់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។

យុទ្ធសាស្រ្តជាតិនេះមានគោលដៅចំនួន ៣ ដូចខាងក្រោម៖

ទី១. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសាធារណៈ ដើម្បីជ្រោមជ្រែង និងគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម

ទី២. ការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងភាពប្រកួតប្រជែង របស់ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម និង

ទី៣. ដោះស្រាយនូវឧបសគ្គ ដែលរារាំងដល់ការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច​ និងមធ្យម។

យុទ្ធសាស្ត្រជាតិនេះមានចក្ខុវិស័យ ពង្រឹង និងពង្រីកការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (ស.ម.ត.ម.) កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។

ដើម្បីសម្រេចបាននូវគោលបំណង គោលដៅ និងចក្ខុវិស័យខាងលើ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈសសរស្ដម្ភចំនួន ៤ គឺ រដ្ឋាភិបាល ផលិតកម្ម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ យុទ្ធសាស្ត្រទាំង ៤ នេះ ឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ចាប់ពីដំណាក់កាលនៃការបើក-បិទ ការផលិត និងការចូលទៅក្នុងទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងយន្តការសម្របសម្រួល និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទាំងនេះ។

ដូច្នេះ យុទ្ធសាស្ត្រជាតិអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្នាំ២០២៦–២០៣០ បានកំណត់យុទ្ធសាស្ត្រគោល និងវិធានការគន្លឹះ ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់

យុទ្ធសាស្ត្រទី២៖ ការពង្រឹងផលិតកម្ម សេវាកម្ម និងការពង្រីកបច្ចេកវិទ្យានិងនវានុវត្តន៍

យុទ្ធសាស្ត្រទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារជាតិ និងអន្តរជាតិ

យុទ្ធសាស្ត្រទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

សិក្ខាសាលាពិគ្រោះយោបល់នេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: