ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងវេទិកាធុរកិច្ចមេគង្គ-កូរ៉េ លើកទី ៩ ក្រោមមូលបទ៖ ការចាប់យកកាលានុវត្តភាពនៅក្នុងគន្លងថ្មី ៖ ការឈានឆ្ពោះទៅរកការស្តារឡើងវិញ និងភាពធន់នឹងវិបត្តិសម្រាប់ការតភ្ជាប់ សហគ្រាសមីក្រូ សហគ្រាសធុន តូច និងមធ្យម ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ និងសហការរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមនពាណិជ្ជកម្មអន្តរជាតិកូរ៉េ។ វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ឯកឧត្តម លី សឹងហូ (H.E Amb Lee Seong-ho) អនុរដ្ឋមន្ត្រីក្រសួងការបរទេស កូរ៉េ ព្រមទាំងមានការចូលរួមពី មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជនរបស់ប្រទេសមេគង្គ-កូរ៉េ រួមមាន៖ កម្ពុជា ឡាវ មីយ៉ានម៉ា ថៃ វៀតណាម និងកូរ៉េ។
វេទិកាធុរកិច្ចនេះ ផ្តល់ជាឱកាសស្វែងយល់ និង ពិភាក្សាអំពីវិធីសាស្ត្រនវានុវត្តន៍ ដើម្បីរួមគ្នាបង្កើតបរិយាកាស
រីកចម្រើនប្រកបដោយចីរភាពសម្រាប់ធុរកិច្ច ក្នុងនោះក៏មានកិច្ចសន្ទនាអំពីគោលនយោបាយច្រើនប្រទេស អំពី ១) បញ្ហាប្រឈមនៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការជម្នះបញ្ហាទាំងនេះ ដែលនឹងចែករំលែកដោយតំណាង ពីផ្នែកសាធារណៈនៃប្រទេសមេគង្គ-កូរ៉េ និង ២) តួនាទីរបស់ប្រទេសមេគង្គ-កូរ៉េ ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប្ន័ន ដោយសម្របតាមគន្លងថ្មី។ អង្គវេទិកា បានធ្វើការផ្លាស់ប្តូរ និងចែករំលែកការយល់ដឹង និងបទពិសោធន៍ ជាពិសេស បទពិសោធន៍ពីកូរ៉េ អំពីការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងប្រកបដោយវិន័យ សម្រាប់បំពេញតម្រូវការនៃឧស្សាហកម្ម ក៏ដូចជាឧត្តមានុវត្តនានា សម្រាប់ការរីកចម្រើនរយៈពេលវែងប្រកបដោយចីរភាព។ នៅក្នុងអំឡុងពេលនៃវេទិកានេះដែរ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉ា ក៏បានរៀបចំជំនួបពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីក្រុមហ៊ុនចំនួនជាង ៤០ លើផលិតផល គ្រឿងសម្អាង អេឡិចត្រូនិក និងផលិតផលបំប៉ន។