ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ»

ខេត្តកំពត៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងក្រសួងពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត និងឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ និងសិប្បករប្រមាណ ៧០ នាក់។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអាជីវករ អំពីច្បាប់ស្តីពីភូតគាមអនាម័យ នីតិវិធីនៃការត្រួតពិនិត្យសម្រាប់ការនាំចេញ ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដើម្បីជួយឱ្យអាជីវកម្មអាចបំពេញតាមលក្ខខណ្ឌ និងស្តង់ដារទីផ្សារអន្តរជាតិបានត្រឹមត្រូវ។
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត បានលើកឡើងថា ការនាំចេញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែតម្រូវឱ្យមានការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ប្រទេសនាំចូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការយល់ដឹងអំពីលក្ខខណ្ឌ និងបទដ្ឋានភូតគាមអនាម័យ គឺជាកត្តាសំខាន់ដែលអាចជួយឱ្យអាជីវកម្មខ្នាតតូច និងអាជីវកម្មលក្ខណៈគ្រួសារ មានលទ្ធភាពអភិវឌ្ឍ និងប្រែក្លាយខ្លួនទៅជាអាជីវកម្មដែលមានស្តង់ដារ អនុលោមតាមបទប្បញ្ញត្តិ និងអាចពង្រីកទីផ្សារលក់ផលិតផលរបស់ខ្លួនបានកាន់តែទូលំទូលាយ ដែលជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានេះថា កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ចំណេះដឹង និងការណែនាំដល់អ្នកផលិតទាំងអស់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលមានបំណងអភិវឌ្ឍ និងលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួនឱ្យស្របតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវនៃទីផ្សារអន្តរជាតិ ដើម្បីមានលទ្ធភាពនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស និងបង្កើនសក្តានុពលប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។ ឧកញ៉ាប្រធាន​ ក៏បានបន្ថែមថា សិក្ខាសាលាក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីជួយពង្រឹងសមត្ថភាពអាជីវកម្ម និងជំរុញការពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ ព្រមទាំងសម្តែងក្តីសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។
សិក្ខាសាលាខាងលើនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបន្តលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងសមត្ថភាពរបស់សហគ្រិនកម្ពុជា ដើម្បីជំរុញការធ្វើធុរកិច្ចប្រកបដោយអនុលោមភាព បង្កើនផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះទទួលបានការសហការពីសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារ វីង ខេមបូឌា ម.ក ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងកំពង់ផែស្វយ័តភ្នំពេញ៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: