នារសៀល ថ្ងៃអង្គារ ៦ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ លោកស្រី ម៉ារីសា ហារុតា (Marisa Haruta ) ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន និង កិច្ចសហការយ៉ាងជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដែលកន្លងមកស្ថាប័នទាំងពីរ បានរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជាច្រើន សំដៅទាក់ទាញវិនិយោគិនពីប្រទេសជប៉ុន ឲ្យមកវិនិយោគបន្ថែមទៀតលើកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តជួយគាំទ្រដល់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនរៀបចំជំនួបពាណិជ្ជកម្ម ក៏ដូចជា ផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលកម្ពុជា ទៅកាន់ធុរជន និងវិនិយោគិនជប៉ុន។
លោកស្រី ម៉ារីសា ហារុតា (Marisa Haruta ) បានថ្លែងអំណរគុណចំពោះឯកឧត្តមឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលតែងតែជួយគាំទ្រ សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ជាពិសេស ការរៀបចំប្រកបដោយជោគជ័យនូវកម្មវិធីពិព័រណ៍និងជំនួបពាណិជ្ជកម្មផលិតផលគុណភាពខ្ពស់របស់ជប៉ុនដែលបានប្រព្រឹត្តទៅ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងន័យនេះ លោកស្រី បានស្នើសភាពាណិជ្ជកម្មកម្ពុជា បន្តជួយគាំទ្ររៀបចំកម្មវិធីប្រហាក់ប្រហែលគ្នានេះ នៅចុងឆ្នាំ២០២១ ដោយផ្តោតលើវិស័យកសិកម្ម។ ក្រៅពីនេះ លោកបានស្នើសភាពាណិជ្ជកម្មកម្ពុជា សហការជួយរៀបចំកម្រងឯកសារវីដេអូស្តីពីសក្តានុពលកម្ពុជា ដោយមានការចូលរួមពីធុរជនសំខាន់ៗនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅដល់សហគមន៍ធុរកិច្ចជប៉ុន។
ជំនួបពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។ ស្ថាប័នទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ។