ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋាន (គ.ស.ឯ.រ.ជ) តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកពាក់ព័ន្ធនៃសភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ដែលទើបនឹងទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ 
សិក្ខាសាលានេះប្រព្រត្តឹទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងសមាគម រួមនិងវិស័យឯកជនជាច្រើនទៀតផងដែរ។  
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានអង្គសិក្ខាសាលាបានមានប្រសាសន៍ថា វិស័យឧស្សាហកម្មត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ឈរលើទស្សនទាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» ដោយបានកំណត់ចក្ខុវិស័យដ៏មានមហិច្ឆតាក្នុង «ការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥» ។ ការដាក់ចេញនូវគោលនយោបាយនេះ គឺស្របពេលដែលកម្ពុជាកំពុងជួបប្រទះនឹងរបត់សេដ្ឋកិច្ចធំៗ ដែលទាមទារឱ្យមានការឆ្លើយតប ជាយុទ្ធសាស្ត្រនិងទាន់ពេលវេលារួមមាន៖ ១) ភាពងាយរងគ្រោះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនាអំឡុងឆ្នាំ២០១០ ដែលស្ថិតនៅទ្រឹង និងពឹងផ្អែកខ្លាំងលើមូលដ្ឋាននាំចេញបែបអតិពលកម្មដ៏តូចចង្អៀត និង ២) ការចាប់យក «ឱកាសមាស» ពីការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចតំបន់។ 
សូមជម្រាបជូនថា របាយការណ៍នេះបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា លើការពង្រីកសកម្មភាពឧស្សាហកម្ម ការទាក់ទាញការវិនិយោគ ការជំរុញការនាំចេញ ការបង្កើតការងារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបរិយាកាសគាំទ្រនានា។ យ៉ាងណាមិញ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការងារដែលនៅសេសសល់គឺនៅមានច្រើន របាយការណ៍វាយតម្លៃចុងអាណត្តិនេះ បានរំលេចពីជ្រុងម្ខាងទៀតដែលគួរយកចិត្តទុកដាក់បន្ថែម តួយ៉ាង ១) ការប្រមូលផ្តុំលើមុខសញ្ញាផ្តុំដំឡើង ដែលមានដំណើរការផលិតកម្មមិនសូវស្មុគស្មាញ និងមានតម្លៃបន្ថែមទាប ២). ភាពមានកម្រិតនៃសហគ្រាសក្នុងស្រុក ទាំងលើសមត្ថភាពផលិត និងការតភ្ជាប់ជាមួយសហគ្រាសបរទេសក្នុង ស្រុក ៣) ភាពមានកម្រិតនៃផលិតភាពការងារ ធៀបនឹងបណ្តាប្រទេសជិតខាង និង ៤) ភាពងាយរងគ្រោះពីវិបត្តិខាងក្រៅជាដើម។
សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
សូមទាញយកឯកសារនៅទីនេះ : https://drive.google.com

ចែករំលែក: