ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម «ពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១» ព្រមទាំងចូលរួមកិច្ចប្រជុំធុរកិច្ចពាក់ព័ន្ធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម «ពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១» ព្រមទាំងចូលរួមកិច្ចប្រជុំធុរកិច្ចពាក់ព័ន្ធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ពិធីបោះឆ្នោតជ្រើសរើសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់អាណត្តិទី១ លើកទី១ នេះ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។
ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ ការិយាល័យតំណាងនេះនឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មានធុរកិច្ច ការស្វែងរក និងភ្ជាប់ដៃគូពាណិជ្ជកម្ម ការផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ និងការផ្សព្វផ្សាយឱកាសវិនិយោគ ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរជន និងវិនិយោគិន ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
សូមជម្រាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ចែករំលែក: