(ខេត្តពោធិ៍សាត់) នាព្រឹកថ្ងៃព្រហ្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង»។
ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ប៉ៃលិន និងបណ្តាខេត្តមួយចំនួនទៀត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ និងប្រកបដោយក្តីត្រេកអររីករាយចំពោះសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងជាង ៣២គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រវែងជិត ៩៩គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រវែងជាង ៦៧គីឡូម៉ែត្រ។













ចូលជាសមាជិក
