ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តមសាស្រ្តាចារ្យ​ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារ "ឋ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលជាសមាជិកនៃក្រុមការងារ "ឋ", អនុសហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន​, តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុនឯកជនក្នុងវិស័យ​នេះជាច្រើនទៀតផងដែរ។  
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់ របស់ផ្នែកឯកជនជាវិនិយោគិននៅក្នុងវិស័យសុខាភិបាល។​
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ៥បញ្ហា ដែលរួមមាន៖ 
១. ការកំណត់តម្លៃសេវាសម្រាប់ការស្នើសុំការផ្លាស់ប្តូរ (Variation Guideline)
២. ការបង្កើតគណៈវិជ្ជាជីវៈជំនាញមន្ទីរពិសោធន៍
៣. ផលពិបាកក្នុងការប្រកបវិជ្ជាជីវៈគ្រូឱសថបុរាណខ្មែរ
៤. បញ្ហាពាក់ព័ន្ធនឹងអាជ្ញាបណ្ណមូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ គ្លីនិក មន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល ។ល។
៥. បញ្ហាតារាងឱសថហាមឃាត់
ជាលទ្ធផល កិច្ចប្រជុំសម្រេចបានការដោះស្រាយគួរជាទីមោទនៈ​ និងលទ្ធផលជាវិជ្ឍមាន នូវអ្វីដែលផ្នែក ឯកជនសំណូមពរចង់បាន។ 
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

ចែករំលែក: