ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីបោះឆ្នោតជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំ «ពិធីបោះឆ្នោតជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ ជាមួយគ្នានេះផងដែរ ការបោះឆ្នោតមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញជាច្រើន ដើម្បីចូលរួមបោះឆ្នោតសម្រាប់ពិធីដ៏សំខាន់នេះ។
ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំពេញកន្លែងទំនេររបស់សមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានចំនួនសរុប ៤០រូប ក្នុងការធានាបាននូវភាពពេញលេញនៃសមាសភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងអនុវត្តការងាររបស់សភាពាណិជ្ជកម្ម ព្រមទាំងបន្តពង្រឹងការតំណាង និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាលទ្ធផល អង្គបោះឆ្នោតចំនួន ៩០រូប ក្នុងចំណោម ៩៣រូប បានចូលរួមបោះឆ្នោតគាំទ្រយ៉ាងលើសលប់ និងបានជ្រើសរើស សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប ដែលជាអ្នកជំនួញមានបទពិសោធន៍ សមត្ថភាព និងថាមពលក្នុងការចូលរួមចំណែកជំរុញវិស័យឯកជន រួមមាន៖
១. អ្នកឧកញ៉ា ជាម ឃុនណាត
២. អ្នកឧកញ៉ា តេង ហឿង
៣. អ្នកឧកញ៉ា អ៊ឹង លីហេង
៤. លោកជំទាវ ភឹម សំភ័ស
៥. អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ
៦. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន
៧. ឧកញ៉ាបណ្ឌិត អន ប៊ុនហាក់

ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង ៧រូប និងបានគូសបញ្ជាក់ថា សមាជិកថ្មីទាំងអស់សុទ្ធសឹងជាអ្នកជំនួញដែលមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ សហគ្រិន និងអ្នកជំនួញជំនាន់ថ្មី ក្នុងការនាំយកគំនិតថ្មីៗ បទពិសោធន៍ និងថាមពលថ្មីមកចូលរួមក្នុងសកម្មភាពរបស់សភាពាណិជ្ជកម្ម ដើម្បីរួមចំណែកបន្តជំរុញបរិយាកាសធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា។
ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងថ្មីនាពេលនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹង អភិបាលកិច្ច ការចូលរួម និងភាពជាតំណាងរបស់វិស័យឯកជន ក្នុងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងជួយបង្កើនសមត្ថភាពរបស់ស្ថាប័នក្នុងការបំពេញតួនាទីជាស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព៕
សូមជម្រាបជូនថា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ មានសមាជិកសំខាន់ៗចំនួន ៣ប្រភេទ រួមមាន សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា និងសមាជិកសាមញ្ញ។ សមាជិកទាំងអស់មានតួនាទីចូលរួមជំរុញ និង  គាំទ្រដល់បេសកកម្មរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា ក្នុងការតំណាង និងការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងចូលរួមក្នុងការពិគ្រោះយោបល់ និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ចែករំលែក: