ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីសំណេះសំណាលជាមួយសភាពាណិជ្ជកម្មកម្ពុជា

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-វិស័យឯកជន (គ.ស.ឯ.រ.ជ.) បានដឹកនាំ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្ត និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្ត និងសមាជិក សមាជិកា ព្រមទាំងចែករំលែកអំពី វឌ្ឍនភាពការងារ សមិទ្ធផល បញ្ហាប្រឈម តម្រូវការ និងទិសដៅការងាររបស់សភាពាណិជ្ជកម្មកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត សហប្រធានក្រុមការងារផ្នែកឯកជន ទីប្រឹក្សាជាន់ខ្ពស់ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីសារៈសំខាន់នៃ សាមគ្គីភាព ការចូលរួម និងកិច្ចសហការរបស់សមាជិក សមាជិកា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត ក្នុងការរួមចំណែកដល់ការអនុវត្តបេសកកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា និងការពង្រឹងសហគមន៍ធុរកិច្ច។
ការជួបជុំនាឱកាសនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃ ភាពជាដៃគូ សាមគ្គីភាព និងទំនាក់ទំនងដ៏រឹងមាំនៅក្នុងមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា។ ការរួមគ្នារបស់ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្ត សហប្រធានក្រុមការងារផ្នែកឯកជន ទីប្រឹក្សាជាន់ខ្ពស់ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា គឺជាកម្លាំងសំខាន់សម្រាប់ការអនុវត្តការងាររបស់សភាពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សហគមន៍ធុរកិច្ច។
ក្នុងនាមជាស្ថាប័នតំណាងឱ្យវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការប្រមូលផ្តុំសំឡេង និងតម្រូវការរបស់សហគមន៍ធុរកិច្ច ព្រមទាំងជំរុញការចូលរួមរបស់វិស័យឯកជនក្នុងដំណើរការពិគ្រោះយោបល់ និងការអភិវឌ្ឍគោលនយោបាយដែលពាក់ព័ន្ធនឹងធុរកិច្ច និងការវិនិយោគ។
សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច បង្កើតឱកាសថ្មីៗសម្រាប់វិស័យឯកជន ពង្រឹងភាពជាដៃគូ និងចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកបដោយចីរភាព។

ចែករំលែក: