ស៊ីដនី៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អមដំណើរដោយ លោក វឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ព្រមទាំងបងប្អូនអាជីវករ និងសហគមន៍ធុរកិច្ចកម្ពុជានៅប្រទេសអូស្ត្រាលី។
ជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីដនី ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជន រវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍អំពីស្ថានភាពធុរកិច្ច និងសក្តានុពលទីផ្សារអូស្ត្រាលី ព្រមទាំងពិភាក្សាអំពីឱកាសសម្រាប់សហគ្រាស និងអ្នកធុរកិច្ចកម្ពុជា ក្នុងការពង្រីកទីផ្សារ បង្កើនបណ្តាញអាជីវកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ភួ វាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានបញ្ជាក់ពីសារៈសំខាន់នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់វិស័យឯកជនកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដែលអាចរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ជំរុញការតភ្ជាប់សហគ្រាស និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជំនួបនេះក៏ជាឱកាសសម្រាប់ប្រមូលមតិ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសក្តានុពលរបស់សហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដើម្បីបន្តស្វែងរកកិច្ចសហការដែលអាចគាំទ្រដល់ការរីកចម្រើនរបស់វិស័យឯកជន និងការពង្រីកអាជីវកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចសហការរវាង សភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងសហគមន៍ធុរកិច្ចកម្ពុជា-អូស្ត្រាលី រំពឹងថានឹងរួមចំណែកបង្កើនការតភ្ជាប់ធុរកិច្ច ពង្រីកឱកាសទីផ្សារ ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង











ចូលជាសមាជិក
