(រាជធានីភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីអបអរសាទរខួបលើកទី៨១ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ពិធីនេះមានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីនានារបស់កម្ពុជា។
លើសពីនេះ ពិធីក៏មានការចូលរួមពីតំណាងអង្គទូត អង្គការអន្តរជាតិប្រចាំនៅកម្ពុជា តំណាងសហគ្រាស ព្រមទាំងសហគមន៍ជនជាតិវៀតណាម ដែលកំពុងធ្វើអាជីវកម្ម រស់នៅ និងសិក្សានៅកម្ពុជា សរុបប្រមាណជាង ៥០០នាក់។
សូមជម្រាបថា ការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងពិធីនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមរបស់វិស័យឯកជនកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ជាពិសេសការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម៕
























ចូលជាសមាជិក
