(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅសណ្ឋារគារ Oakwood Premier Phnom Penh, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្ទៀងផ្ទាតលើសេចក្តីព្រាងច្បាប់ស្តីពី "កិច្ចការពារទិន្នន័យបុគ្គល" ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Cristina Navio Gracia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាងស្ថានទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិ ការអាល្លឺម៉ង (GIZ) តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នេះជាលើកចុងក្រោយដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានផ្តល់ធាតុចូលកន្លងមក។
សូមជម្រាបជូនថា ច្បាប់នេះកំណត់អំពីគោលការណ៍ វិធាន និងយន្តការគ្រប់គ្រងនៃការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលដោយមាន ការទទួលខុសត្រូវ តម្លាភាព និងប្រកបដោយក្រមសីលធម៌ ក្នុងគោលបំណងធានាការពារទិន្នន័យបុគ្គល សិទ្ធិរបស់ប្រធានទិន្នន័យ និងលើកកម្ពស់បរិយាកាសវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍពាណិជ្ជកម្មជាតិ និងអន្តរជាតិ
ក្នុងបរិបទនៃសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល មិនមានគោលបំណងរារាំងនវានុវត្តន៍ ឬបង្កើតបន្ទុកនិយ័តកម្ម ដែលមិនចាំបាច់នោះទេ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតបរិយាកាសឌីជីថល ដែលប្រកបដោយទំនុកចិត្តដែលក្នុងនោះ ការការពារឯកជនភាព នវានុវត្តន៍ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចអភិវឌ្ឍទៅជាមួយគ្នា។ ក្របខណ្ឌច្បាប់ទំនើបសម្រាប់កិច្ចការពារទិន្នន័យបុគ្គល មិនត្រឹមតែជាតម្រូវការផ្នែកគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតម្រូវការផ្នែកសេដ្ឋកិច្ចផងដែរ។ តាមរយៈការកំណត់វិធានច្បាស់លាស់សម្រាប់ការប្រមូល ការប្រើប្រាស់ ការចែករំលែក និងការការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់នេះនឹងពង្រឹងទំនុកចិត្តរបស់សាធារណជន ជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ គាំទ្រពាណិជ្ជកម្មឌីជីថលឆ្លងដែន ទាក់ទាញការវិនិយោគឌីធីថល និងលើកកម្ពស់សមត្ថភាពប្រកួត ប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក។






ចូលជាសមាជិក
