(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញ ចូលរួមភ្ញៀវកិត្តិយស និងអញ្ជើញឡើថ្លែងសុន្ទរកថា នៅក្នុង «ពិព័រណ៍អាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ធុរជន វិនិយោគិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើន។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ព័ណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិននេះ គឺជាវេទិការធុរកិច្ចពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតពីកិច្ចសហការរវាងប្រទេសកម្ពុជា និងចិន។ ហើយអ្នកឧកញ៉ាបានលើកឡើង វេទិការដ៏សំខាន់នេះមិនត្រឹមផ្តល់ឱកាសឱ្យវិនិយោគិន នៃប្រទសទាំងពីរអាចផ្លាស់ប្តូរបទពិសោធ នៃការធ្វើអាជីវកម្ម និងពង្រើកទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងគ្នាបន្ថែមនោះទេ តែក៏ជាផ្នែកមួយជំរុញការទាក់ទាញការវិនិយោគចិន ចូលមកកម្ពុជា បន្ថែម ព្រមជាមួយការពាំនាំនូវបច្ចេកវិទ្យាថ្មីៗផងដែរ។
សូមជម្រាបជូនថា ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការតាំងបង្ហាញនូវវិស័យគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពីប្រទេសចិនប្រមាណ២០០ សហគ្រាស និងជាង២០០ស្តង់។
















ចូលជាសមាជិក
