ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA)

សេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kang Kyung Sung ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) នៅទីស្នាក់ការកណ្តាល KOTRA នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។


ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តភាព និងយន្តការយ៉ាងម៉ឺងម៉ាត់ផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ព្រមទាំងបានស្នើឱ្យ KOTRA បន្តសហការរៀបចំទស្សនកិច្ចវិនិយោគ (Investment Roadshows) និងកម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) ឱ្យបានកាន់តែច្រើន ដើម្បីនាំយកក្រុមហ៊ុនមហាយក្សកូរ៉េក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់មកបោះទុននៅកម្ពុជា តាមរយៈការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលមានស្រាប់។ 


ជាការឆ្លើយតប លោកប្រធាន KOTRA បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងស្ថានទូតកម្ពុជា ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ចែករំលែក: