ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ទស្សនកិច្ចសិក្សាស្វែងយល់ពីក្រុមហ៊ុន SK Incheon Petrochem ជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់សម្ព័ន្ធ SK Group

អ៊ីនឆ័ន សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នវានុវត្តន៍បច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់ក្រុមហ៊ុន SK Incheon Petrochem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់សម្ព័ន្ធក្រុមហ៊ុន SK Group ក្នុងវិស័យថាមពល និងគីមីឥន្ធនៈលំដាប់ពិភពលោក នៃសាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ROH Sang Goo នាយកប្រតិបត្តិក្រុមហ៊ុន SK Incheon Petrochem ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកក្រុមហ៊ុនជាច្រើនរូប។


ក្នុងឱកាសនៃទស្សនកិច្ចសិក្សានោះ គណៈប្រតិភូកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ នៃរោងចក្រចម្រាញ់ប្រេងដ៏មានសក្តានុពលនេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ ក្នុងនាមជារោងចក្រចម្រាញ់ប្រេងលំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត និងអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាងជូនដល់គ្រប់ធុរកិច្ចបរទេស ដែលមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព និងបរិស្ថានមេត្រីនាពេលអនាគត។

ចែករំលែក: