ជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃក្រុមហ៊ុន Samsung Electronics និងទស្សនកិច្ចនៅសារមន្ទីរនវានុវត្តន៍ Samsung ដើម្បីសិក្សាស្វែងយល់អំពីសាវតានៃការធ្វើនវានុវត្តន៍ឌីជីថលរបស់ក្រុមហ៊ុន
]
ស៊ូវ៉ុន សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃចន្ទ ១កើត ឆ្នាំមមី ខែជេស្ឋ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជួបពិភាក្សាការងារជាមួយ លោក Park Seung-Hee អគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ចរបស់ក្រុមហ៊ុន Samsung Electronics ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung Electronics Co.,Ltd. ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ Samsung ស្ថិតក្នុងទីក្រុង ស៊ូវ៉ុន ប្រទេសកូរ៉េ។
ក្នុងឱកាសនៃកិច្ចពិភាក្សានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពប្រៀបធៀប និងសក្តានុពលដ៏រឹងមាំរបស់កម្ពុជានៅក្នុងតំបន់ ដែលស្របនឹងផែនការយុទ្ធសាស្ត្រពង្រីកខ្លួនរបស់ក្រុមហ៊ុន Samsung ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួល និងផ្តល់ជូននូវព័ត៌មានយុទ្ធសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនមានមូលដ្ឋានគ្រប់គ្រាន់ និងច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃ មុននឹងឈានដល់ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកអគ្គនាយកផ្នែកទំនាក់ទំនងធុរកិច្ច បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងកត្តាវិជ្ជមានទាំងនោះ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីផ្ទៃក្នុងតាមលំដាប់លំដោយ មុននឹងធ្វើការសម្រេចចិត្តដាក់ទុនពង្រីកការវិនិយោគនាពេលខាងមុខ។









ចូលជាសមាជិក
