អូសាកា ប្រទេសជប៉ុន៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមីអដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ទី១២ ខែមិថុនា ឆ្នាំ២០២៦ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sumitomo Electric Industries, Ltd. នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
នៅក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិត និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើវិស័យឧស្សាហកម្មគ្រឿងបង្គំយានយន្តនៅកម្ពុជា សំដៅជំរុញគោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្ត នាពេលអនាគត។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានលើកយកវិស័យថាមពលកកើតឡើងវិញ មកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលបៃតង ការបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនីនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ តាមរយៈតួនាទីរបស់ លោក Matsumoto ក្នុងនាមជាប្រធានសហព័ន្ធសេដ្ឋកិច្ច Kankeiren និងបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ក្រុមហ៊ុន Sumitomo Electric Industries, Ltd. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការជួយផ្សព្វផ្សាយបន្តពីបច្ច័យវិជ្ជមាន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា និងជំរុញឱ្យបណ្តាក្រុមហ៊ុនសមាជិកទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនេះ ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា។
ជាការឆ្លើយតប លោក Matsumoto បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការរីកចម្រើន និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
ជារួមជំនួបនេះ គឺជាជំហានការទូតធុរកិច្ចថ្មីមួយទៀត ក្នុងការបង្កើនទំនុកចិត្តដល់វិនិយោគិនធំៗរបស់ជប៉ុន និងជំរុញចំណងមិត្តភាព សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំមួយកម្រិតទៀត។









ចូលជាសមាជិក
