ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» 

សិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» 

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាស្តីពី « អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដល់សមាជិក សមាជិកា ដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។

សិក្ខាសាលាខាងលើ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ សិក្ខាសាលាខាងលើនេះផងដែរ ក៏មានការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង សភាពាណិជ្ជកម្មខេត្តកំពង់ចាម មន្រ្តីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអង្គភាពពាក់ព័ន្ធ សមាជិក-សមាជិកា សមាគម ពាណិជ្ជករ អាជីវករ សិប្បករ ប្រមាណ ១00នាក់។

ឧកញ៉ា លឹម សុជាតិ បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា៖ សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិសមា្ចស់អាជីវកម្ម និងសហគ្រិន ឱ្យយល់ច្បាស់ពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗសំដៅបង្កើនឧត្តមភាពប្រកួតប្រជែង និងពង្រីកវិសាលភាពនៃការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តម ចាន់ សីហា បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថា៖ ការពង្រឹងយន្តការអនុលោមភាពមិនមែនគ្រាន់តែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះដ៏សំខាន់សម្រាប់អនាគតនៃវិស័យនាំចេញរបស់កម្ពុជា ដែលការអនុវត្តច្បាប់ភូតគាមអនាម័យ និងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ជាគន្លឹះក្នុងការដោះស្រាយរបាំងពាណិជ្ជកម្ម និងកសាងទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ។ បន្ថែមលើសពីនេះ ឯកឧត្តមបានផ្តល់នូវសារមួយឃ្លាជូនដល់ សមាជិក សមាជិកា អាជីវករ ពាណិជ្ជករថា ៖ ការអនុលោមតាមច្បាប់ភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខខណ្ឌច្បាប់នោះទេ ប៉ុន្តែវាគឺជាការកសាងទំនុកចិត្ត ដែលជាគ្រឹះនៃចីរភាព និងការរីកចម្រើននៃកសិធុរកិច្ចកម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាថា៖ កម្ពុជាមានឱកាសក្នុងការនាំចេញទំនិញទៅក្រៅប្រទេសច្រើនតាមរយៈការទទួលបានការអនុគ្រោះផ្សេងៗ ដូច្នេះសហគ្រិននានា ត្រូវចាប់ឱកាសពង្រឹងខ្លួន ក្នុងការផលិតឱ្យស្របតាមស្តង់ដារគុណភាពអនាម័យ ខណៈឱកាសនេះអាចនឹងមិនមែនមានរហូតទេ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច៕ ឯកឧត្តមជំរុញឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផលិតផលកសិកម្ម និងកែច្នៃ ផ្តោតលើគុណភាព អនាម័យ និងសុវត្ថិភាពផលិតផលជាចម្បង។ ឯកឧត្តមបានលើកឡើងថា សុវត្ថិភាពចំណីអាហារ គឺជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន។

ឯកឧត្តមក៏បានបន្តថា ដើម្បីទទួលបានជោគជ័យក្នុងការនាំចេញ អ្នកផលិត និងអ្នកនាំចេញត្រូវផ្តោតលើគុណភាព និងសុវត្ថិភាពផលិតផលសម្រាប់ទីផ្សារក្នុងស្រុកជាមុនសិន មុននឹងពង្រីកទៅទីផ្សារអន្តរជាតិ។ ព្រោះប្រទេសនីមួយៗ មានរបាំងភូតគាមអនាម័យ និងតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញយ៉ាងច្បាស់ ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។

សិក្ខាសាលាខាងលើនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនផងដែរថា សិក្ខាសាលាខាងលើនេះទទួលបាន ការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍជំនាញ ការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ SENGKREE Printing& Embroidery និង W-KING CAMBODIA។

រូបភាព និងអត្ថបទដោយ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

ចែករំលែក: