ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

គណៈប្រតិភូជប៉ុនស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា​

គណៈប្រតិភូជប៉ុនស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅតំបន់សេនដៃ ប្រទេសជប៉ុន។​

ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបពិភាក្សាការងារ។ លោក​ រស់​រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ លោកបានគូស​បញ្ជាក់ថានេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់ប្រតិភូជប៉ុនមកប្រទេសកម្ពុជា​ ហើយធុរជនគឺមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា​ និងមានភាពវិជ្ជមានខុសពីការផ្សព្វផ្សាយតាមព័ត៌មាននិងបណ្ដាញសង្គម មុនពេលមកដល់កម្ពុជាផ្ទាល់។ ​ធុរជនដែល​អញ្ជើញមកនាថ្ងៃនេះមកពីវិស័យដូចជា​អចលនទ្រព្យ​ ពាណិជ្ជកម្ម​ ភោជនីយដ្ឋាន គ្រឿងសម្អាង និងសេវាកម្មថែទាំមនុស្សចាស់។​

ជាកិច្ចឆ្លើយតប ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏សកម្មរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន​ដែលដឹកនាំដោយ​លោក រស់ រាសី។ ឧកញ៉ាបានលើកទឹកចិត្តអោយធុរជន និងវិនិយោគិនជប៉ុនចាប់យកឱកាសវិនិយោគ​ និងបង្កើតទំនាក់ទំនង​ជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ គ​ណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូជប៉ុនមានឱកាសជជែកពិភាក្សាគ្នាលម្អិតលើកិច្ចសហប្រតិបត្តិការទៅតាមវិស័យរៀងៗខ្លួន។

ចែករំលែក: