កិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីកែសម្រួលក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
The 4th meeting to review and further discuss the amendments to the framework document for the development of agro-industrial parks in Cambodia.
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី នៅសណ្ឋារគារ Wyndham Grand Phnom Penh Capital, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មការសួនកសិឧស្សាហកម្មនៅកម្ពុជា និង លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ និងជាសមាជិកលេខាធិការនៃគណៈកម្មការសួនកសិឧស្សាហកម្មនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីកែសម្រួលក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការសួនកសិឧស្សាហកម្មនៅកម្ពុជា (គ.ស.ក) ។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលដែលជាសមាជិក (គ.ស.ក), តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីកែសម្រួលក្នុងឯកសារក្របខ័ណ្ណអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា ដែលត្រូវបានដាក់ស្នើសុំការអនុម័យពីប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែដោយសារមានភាពចាំតម្រូវឱ្យមានការកែសម្រួលបន្ថែម ដើម្បីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវ "ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ក្នុងគោលបំណងជំរុញការអភិវឌ្ឍសួនកសិឧស្សាហកម្ម តាមរយៈវិធានការគាំទ្រសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្ម និងបង្កើតខ្សែច្រវាក់តម្លៃ ដោយរំពឹងលើកម្មវិបាកជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងរយៈពេលមធ្យម និងវែង។
ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជានេះ មានគោលដៅផ្តល់នូវក្របខ័ណ្ឌរួមមួយ សំដៅបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងកិច្ចដំណើរការសួនកសិឧស្សាហកម្ម តាមរយៈការកំណត់វិធានការគាំទ្រ និងលក្ខខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍសួន រួមទាំងការកំណត់យន្តការស្ថាប័ន និងការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្ដែង។ ជារួម ក្របខ័ណ្ឌអភិវឌ្ឍន៍ សួនកសិឧស្សាហកម្ម នឹងផ្តោតលើការផ្តល់ការលើកទឹកចិត្តពិសេសបន្ថែមលើសពីការផ្ដល់ដែលបានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងការសម្របសម្រួលចាំបាច់ផ្សេងៗទៀត ក្នុង គោលដៅបម្រើគោលបំណងគោលនយោបាយជាអាទិភាព។
ការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗ រួមមាន៖
១). ផ្តល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការនាំចេញ ឆ្លើយតបទៅនឹងអាទិភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ផែនការមេតាមវិស័យនិងគោលនយោបាយ/ យុទ្ធសាស្ត្រពាក់ព័ន្ធជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម
២). បង្កើនតម្លៃបន្ថែមតាមរយៈការជំរុញខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃកសិផល ដែលមានសក្តានុពលទីផ្សាររ និងសេដ្ឋកិច្ច
៣). ត្រូវមានលទ្ធភាពអនុវត្ត និងធនធានគ្រប់គ្រាន់សម្រាប់អភិវឌ្ឍគម្រោងសួនកសិឧស្សាហកម្ម ដែលអាចសម្រេចបានតាមគោលដៅដូចមានកំណត់ក្នុងផែនការអាជីវកម្ម និងផែនការអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ដោយបង្ហាញអំពីលទ្ធភាពបច្ចេកទេសអាចអនុវត្តបាន ព្រមទាំងបង្ហាញផលចំណេញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រាន់ ផ្អែកលើការសិក្សាគម្រោងច្បាស់លាស់
៤). គិតគូរតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំទ្រស្របតាមភាពអាចទ្រទ្រង់បាននៃថវិកា និង
៥). បង្កើតបច្ច័យវិជ្ជមាន និងជ្រោមជ្រែងគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុន តូចនិងមធ្យម(SMEs) នៅកម្ពុជា។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc











ចូលជាសមាជិក
