ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីជប់លៀង Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦

ពិធីជប់លៀង Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា សហការជាមួយបណ្តាសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចនានានៅកម្ពុជា បានរៀបចំពិធីជប់លៀង Cocktail កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ព្រឹត្តិការណ៍នេះគឺជាការបើកឆាកទទួលស្វាគមន៍ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាវិនិយោគិនក្នុងតំបន់ ដើម្បីបង្កើតភាពជាដៃគូដែលចាំបាច់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ។ ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនៃពិធីនេះ លោកជំទាវ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញបរិយាកាសធុរកិច្ចដ៏រស់រវើក និងអំណោយផលដល់វិនិយោគិននៅក្នុងប្លុកអាស៊ាន។

នៅក្នុងសុន្ទរកថាគន្លឹះ លោកជំទាវ ចម និម្មល បានកោតសរសើរសភាពាណិជ្ជកម្មកម្ពុជា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការតភ្ជាប់វិស័យឯកជន និងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់។ លោកជំទាវ បានកត់សម្គាល់ថា ប្រធានបទនៃកិច្ចប្រជុំកំពូលធុរកិច្ចគឺ "ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម" គឺស្របគ្នាទាំងស្រុងទៅនឹងមហិច្ឆតាជា យុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងពីកាលានុវត្តភាពដ៏ធំធេងដែលមិនទាន់ត្រូវបានទាញយកក្នុងអាស៊ាន និងបានជំរុញឱ្យវិស័យឯកជនពង្រឹងបណ្តាញទំនាក់ទំនង និងការផ្សារភ្ជាប់ការវិនិយោគឱ្យកាន់តែខ្លាំង ដើម្បីពន្លឿនសមាហរណកម្មសេដ្ឋកិច្ច។ លោកជំទាវ បានបញ្ជាក់ថា អាស៊ានកំពុងបន្តកែលម្អក្របខណ្ឌស្ថាប័នរបស់ខ្លួន ជាពិសេសតាមរយៈការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA)។ ជាទីបញ្ចប់ លោកជំទាវបានកំណត់យកពិធីជប់លៀងនេះ ជាកាតាលីករសម្រាប់បណ្តាក់ទុនរួមគ្នានាពេលអនាគត ដោយលើកទឹកចិត្តដល់ប្រតិភូទាំងអស់ឱ្យប្រែក្លាយកិច្ចសន្ទនានានេះ ឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែង។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា បានស្វាគមន៍អង្គពិធីដោយបានបញ្ជាក់ថា រាត្រីនេះគឺជាវេទិកាយុទ្ធសាស្ត្រដែលរៀបចំឡើងដើម្បីសម្របសម្រួលដល់ភាពជាដៃគូកម្រិតខ្ពស់។ អ្នកឧកញ៉ា បានលម្អិតអំពីការប្រែក្លាយ កម្ពុជាទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងផ្អែកលើជំនាញ ដែលធ្វើឱ្យកម្ពុជាក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងតំបន់។ អ្នកឧកញ៉ា បានអញ្ជើញប្រតិភូអន្តរជាតិឱ្យសម្លឹងមើលកម្ពុជា មិនត្រឹមតែជាគោលដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រ "បូកមួយ" (Plus One)។ អ្នកឧកញ៉ា បន្ថែមថា តាមរយៈច្បាប់វិនិយោគទំនើប និងការធ្វើសមាហរណកម្មឌីជីថលយ៉ាងឆាប់រហ័ស កម្ពុជាបានផ្តល់នូវច្រកទ្វារប្រកួតប្រជែងដ៏សម្បូរបែប ដែលពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់អាស៊ានទាំងមូល។ បន្ថែមពីនេះ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់វេទិកានៃកិច្ចប្រជុំកំពូលនេះ ដើម្បីធានាបាននូវលទ្ធផលពាណិជ្ជកម្ម និងការបណ្តាក់ទុនរួមគ្នាដ៏មានសក្តានុពលក្នុងរយៈពេលវែង។

ពិធីជប់លៀង Cocktail នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបពាណិជ្ជកម្ម (Business Matching Sessions) ពេញមួយថ្ងៃនៅសណ្ឋាគារសូហ្វីតែល ដែលក្នុងនោះក្រុមហ៊ុនកម្ពុជា និងអន្តរជាតិបានចូលរួមក្នុងជំនួបនេះ ដែលបានរៀបចំទុកជាមុនលើវិស័យផ្សេងៗគ្នា។ កិច្ចប្រជុំកំពូលនេះបានបន្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សុន្ទរកថាគន្លឹះរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបវារៈគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តក្នុងការរក្សាបរិយាកាសវិនិយោគដែលមានស្ថិរភាព និងតម្រង់ទិសឆ្ពោះទៅរកកំណើន។

ចែករំលែក: