ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

" ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ "

" ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ "

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា បណ្ឌិត ណាង សុធី សមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។

ពិធីបើកសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួម ពី ថ្នាក់ដឹកនាំ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា នៅក្នុង២០២៥ ក្នុងចំណោមប្រជាពលរដ្ឋ១៧ លាននាក់ ជាពិសេសប្រជាពលរដ្ឋពេញវ័យប្រមាណជាង១១លាននាក់ ដោយមានបងប្អូនដែលមានការងារធ្វើជាង១០លាន ៧សែននាក់ ដែលក្នុងនោះមានវិស័យកសិកម្មមាន២លាន៨សែននាក់,វិស័យឧស្សាហកម្ម ៣លាននាក់ វិស័យសេវាកម្មជិត៥លាននាក់។ ប្រសិនបើយើងមើលកំណើននៅក្នុងវិស័យការងារនេះ ដោយឃើញថា វិស័យកសិកម្មស្រូបយកបន្ថែម នូវកម្លាំងពលកម្មបានចំនួន៤,៦ម៉ឺននាក់ ហើយវិស័យឧស្សាហកម្ម ដែលក្នុងនោះមានរោងចក្រ ហើយបានបង្កើតការងារថ្មីបានជាង៤០ម៉ឺននាក់ និងវិស័យសេវាកម្ម ដែលមានភោជនីដ្ឋាន និងការធ្វើពាណិជ្ជកម្ម ក៏បានជួយបង្កើតការងារប្រមាណជាង៣៥ម៉ឺននាក់ផងដែរ។

សូមជម្រាបដែរថា សន្និបាតនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃអំពីវឌ្ឍនភាពការងារ និងសមិទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត សំដៅពង្រឹង និងពង្រីកការអនុវត្តវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់បន្ថែមទៀត៕

ចែករំលែក: