កម្មវិធី ពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ "ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា"
Cambodia Tax Forum 2026 under the theme of "Promoting Tax Compliance for Cambodia's Economic Development".
———
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅអាគារពន្ធដារ (GDT Tower) , អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមជាមួយនឹង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រិតភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមក្នុងកម្មវិធី ពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ "ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា" ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្ពុជា ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផង។
កម្មវិធីពន្ធដារកម្ពុជាឆ្នាំ២០២៦ គឺជាការសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឡើងក្នុងគោលបំណង៖
១. ការលើកកម្ពស់ការយល់ដឹងពីរដ្ឋបាលសារពើពន្ធ បទប្បញ្ញាត្តិ និងកាតព្វកិច្ចសារពើពន្ធ ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធនៅកម្ពុជា
២. ការលើកកម្ពស់កិច្ចពិភាក្សាក្រៅយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់អភិក្រមការសន្ទនាដោយបើកចំហ (Open Dialogue) និង
៣. ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា (Cambodia Tax Administration System) ដែលនឹងត្រូវបានប្រសិទ្ធនាមហៅកាត់ថា «GDT HomeTax- ជីឌីធី ហូមថាក» ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន កម្ពុជាត្រូវការជាចាំបាច់ នូវរដ្ឋបាលសារពើពន្ធមួយដែលទំនើប និងឆ្លាតវៃដើម្បីផ្ដល់ភាពងាយស្រួល, តម្លាភាព និងគណនេយ្យភាពជូនអ្នកជាប់ពន្ធ។
បន្ថែមពីលើនេះ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំ «វេទិកាពន្ធដារកម្ពុជា» នេះ គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈ ការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធ និងការចែករំលែកនូវឧត្តមានុវត្ត លើប្រធានបទសំខាន់ៗ ដើម្បីជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធជូនរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, សមភាព និងសមធម៌។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
អ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តតាមកាតព្វកិច្ចពន្ធ មិនអាចកើតមានឡើងតាមរយៈការអនុវត្តច្បាប់តែប៉ុណ្ណោះទេ។ វាត្រូវបានកសាងឡើងតាមរយៈការជឿជាក់ និងការជឿជាក់នោះត្រូវបានបង្កើតឡើងនៅពេលដែលច្បាប់មានភាពច្បាស់លាស់ អនុវត្តយ៉ាងស្មើភាព និងមានប្រព័ន្ធគាំទ្រដែលដំណើរការបានប្រសើរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា បានអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកផ្តល់សេវាផ្នែកពន្ធ ក៏ត្រូវបន្តលើកកម្ពស់ភាពងាយស្រួល តម្លាភាព និងភាពជឿទុកចិត្ត ដល់វិស័យឯកជន ក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ នៃកិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូតនិងកុងស៊ុល, និង ទាំងដៃគូអភិវឌ្ឍនានា។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា មានប្រសាសន៍ថា ធាតុចូលដែលទទួលបានក្នុងកម្មវិធីនេះ មានតួនាទីយ៉ាងសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការគិតគូររៀបចំគោលនយោបាយ សារពើពន្ធ និងជាមូលដ្ឋានសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តបន្ត ជាពិសេសការបន្តខិតខំកែទម្រង់ ទាំងផ្នែករដ្ឋាភិបាល ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ និងបុព្វហេតុជាតិទាំងមូល។
គួរបញ្ជាក់ថា កម្មវិធី ពន្ធដារកម្ពុជាឆ្នាំ២០២០៦ នេះ ធ្វើឡើងរយៈពេល ២ថ្ងៃពេញ ពោលគឺថ្ងៃទី០៥ និង ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc




















ចូលជាសមាជិក
