ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីបិទមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ពិធីបិទមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

(រាជធានីភ្នំពេញ)៖នារសៀលថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្ភស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតបូកសរុបការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ នៅក្នុងពិធីបិទនេះមានការអញ្ជើញចូលរួម ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានគណ:កម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ថ្នាក់ដឹកនាំ អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស តំណាងថ្នាក់ដឹកនាំក្រសួង ស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា សមាគមធុរកិច្ចនៅកម្ពុជា និងវិស័យឯកជននៅកម្ពុជា ជាច្រើន។

នៅក្នុងពិធីបិទនេះមានការសុន្ទរកថាស្វាមគន៍សន្និបាតដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានគណ:កម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ព្រមទាំងរបាយការណ៍បូកសរុបសកម្មភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេស ដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, របាយការណ៍សង្ខេបពីបញ្ហាប្រឈម និងសំណូមពរពីសហប្រធានក្រុមការងារផ្នែកឯកជន ដោយ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង របាយការណ៍បូកសរុបសកម្មភាពសភាពាណិជ្ជកម្មរាជធានី-ខេត្ត ដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងឱកាសសុន្ទរកថាបិទអង្គសន្និបាត លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ រហូតសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។

លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានោះផងដែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់ឧបត្ថម្ភ ដែលបានដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន នៅក្នុង មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

ចែករំលែក: