ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាការងាររវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន TBC Global Partners

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉លធើ ដានធីស (Walter Dantis) អគ្គនាយកក្រុមហ៊ុន TBC Global Partners។

ក្នុងជំនួបនេះ លោក វ៉លធើ ដានធីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ។ លោកអគ្គនាយកក្រុមហ៊ុនបានលើកឡើងអំពីគោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីពិភាក្សាអំពីការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំកម្មវិធីជម្រុញធុរកិច្ច និងវិនិយោគនាថ្ងៃអនាគត។ លោកក៏បានគូសបញ្ជាក់អំពីគោលបំណងដ៏សំខាន់មួយទៀតនៃកិច្ចពិភាក្សានេះ ដោយលោកចង់ជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ឥណ្ឌា ហើយក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់បណ្តាញវិនិយោគិន។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន TBC Global Partners ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយនឹងសហការ និងគាំទ្រដល់រាល់សកម្មភាពធុរកិច្ចទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សាលម្អិតបន្ថែមទៀតជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំជាកម្មវិធីផ្សេងៗ ដូចជាសិក្ខាសាលាធុរកិច្ច ឬជំនួបធុរកិច្ចរវាងវិនិយោគិនដើម្បើបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចែករំលែក: