ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥ )

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥ ) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ចែករំលែក: