ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឃ” “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាលក្ខណៈការចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ ZOOM ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិ, តំណាងសមាគមឡានថ្មីនៅកម្ពុជា, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមឧស្សាហកម្មថ្មាំជក់ និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សា លើកង្វល់ និងបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលនៅសេសសល់ ពាក់ព័ន្ធនឹងវិស័យ នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីប្រមូលយកកង្វល់ និងបញ្ហាប្រឈមទាំងអស់នោះ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូសន្ទនាគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខនេះ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.