នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី១៤” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងថ្លែងអំណរគុណចំពោះការគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឲ្យវិស័យឯកជន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានជម្រាបជូនសមាជិក សមាជិកាថ្មីអំពីតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលតែងតែរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរបស់សមាជិក-សមាជិកា រាប់បញ្ចូលទាំងការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលា ផ្សេងៗដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឈសហគ្រាសធុនតូច និងមធ្យម និងវិស័យឯកជនទាំងមូល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh